ក្រុមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ស្មើគ្នាជាមួយក្រុងដុងណាយ ៣-៣ ក្នុងការប្រកួតលក្ខណៈមិត្តភាពកម្ពុជា-វៀតណាម ដើម្បីអបអរសាទរទិវាប្រវត្តិសាស្ត្រ ២០ មិថុនា នៅតំបន់កោះថ្ម X-16


ខេត្តត្បូងឃ្មុំ៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព និងការសម្តែងសិល្បៈវប្បធម៌រួមគ្នា រវាងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអបអរសាទរខួបលើកទី៤៩ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦) បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ពិធីនេះបានធ្វើនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីប្រតិភូថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ភាគីមិត្តក្រុងដុងណាយ ព្រមទាំងប្រជាពលរដ្ឋ និងយុវជននៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។

ជាលទ្ធផលនៃការប្រកួតយ៉ាងស្វិតស្វាញ ពោរពេញដោយបច្ចេកទេស និងស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ ក្រុមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ និងក្រុមកីឡាបាល់ទាត់ក្រុងដុងណាយ បានប្រកួតស្មើគ្នា ក្នុងលទ្ធផល ៣ ទល់នឹង ៣ ដែលធ្វើឱ្យក្រុមទាំងពីរគ្រងជើងឯក និងលើកពានរង្វាន់អនុស្សាវរីយ៍រួមគ្នា នៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញផ្តល់កិត្តិយសផ្ទាល់ ក្នុងការប្រគល់ពានរង្វាន់ និងអាវយឺតអនុស្សាវរីយ៍ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករទាំងសងខាង ដែលបានខិតខំប្រឹងប្រែងបង្ហាញសមត្ថភាព និងរក្សានូវសាមគ្គីភាពបានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងការប្រកួតកីឡា បណ្តាអ្នកចូលរួមក៏បានទស្សនាការសម្តែងសិល្បៈរបាំរួមគ្នា ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាល និងការរឹតចំណងសាមគ្គីភាពទ្វេភាគីផងដែរ។

ការរៀបចំឱ្យមានការប្រកួតកីឡា និងការសម្តែងសិល្បៈរួមគ្នានៅលើទឹកដីប្រវត្តិសាស្ត្រកោះថ្ម X-16 នាពេលនេះ មិនត្រឹមតែជាការរំលឹកគុណូបការៈដ៏ថ្លៃថ្លា មិនអាចបំភ្លេចបាននៃទិវាចងចាំដំណើរតស៊ូរំដោះជាតិរបស់ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធជនសហការីនោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការបន្តថែរក្សា និងពង្រឹងស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” រវាងប្រជាជាតិ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ៕