សម្តេចធិបតី ហ៊ុន ម៉ាណែត  អញ្ជើញជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម”


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កម្មវិធីសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរ សាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រោមប្រធានបទ “សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ” នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រកាសកំណត់យកថ្ងៃទី ២៧ មិថុនា ដើម្បីប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបើកចំហរវាង រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ជាពិសេសផ្នែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅទូទាំងប្រទេស។

ការសម្រេចឱ្យមានការ​ប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាលចំពោះវិស័យឯកជននិយាយជារួម និងសម្រាប់សហគ្រាសមីក្រូ ធុនតូច​ និងមធ្យម​ និង​សិប្បកម្មកម្ពុជា និយាយដោយឡែក។ ការកំណត់រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និង​មធ្យម គឺជាវេទិការាជរដ្ឋាភិបាល និង MSME ដើម្បីពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញ​នូវវិធានការគោលនយោបាយ និងការលើកទឹកចិត្ត កាន់តែមានលក្ខណៈប្រាកដនិយម, រិតចំណង​សាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួង/ស្ថាប័ន គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ សមាគមវិស័យឯកជន ផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុន​មីក្រូ តូច មធ្យម និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។

រាជរដ្ឋាភិបាលបានចាត់ទុក MSMEs ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច។ ដើម្បីគាំទ្រដល់វិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងគោលនយោបាយជាច្រើន ជាក់ស្តែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាគ្រឹះដើម្បីបង្កើតភាពប្រកួតប្រជែងរបស់វិស័យឯកជន។ ជាមួយគ្នានេះក៏មានយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូចនិងមធ្យម, ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិ អភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម តាំងពីពីការផលិតរហូតដល់ទីផ្សារ។