ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ២៥


នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ម សារិន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល។ ពិធីបើកវគ្គអប់រំនយោបាយកម្រិត ២នេះ ក៏មានវត្តមានអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តម តាក ស៊ុនអុី សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំនៃស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា , រាជធានីភ្នំពេញ។ ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ឯកឧត្តម ម៉ម សារិន បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៥ នៅក្នុងវិមាន ៧ មករា ដែលតំណាងឲ្យភាពរឹងមាំរបស់គណបក្សយើង។ ឯកឧត្តមក៏បាននាំមកនូវជាមួយពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់ សម្ដេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សជូនដល់អង្គពិធីទាំងមូល។
ថ្លែងក្នុងពិធីបើកវគ្គអប់រំនយោបាយនេះ ឯកឧត្តម ម៉ម សារិន បានចោទជាសំណួរថា ហេតុអ្វីបានជាមន្រ្តីគណបក្សយើងត្រូវរៀនវគ្គនយោបាយ? ឯកឧត្តមបញ្ជាក់ថា ពាក្យនយោបាយនៅទីនេះមានន័យថា ជាវិធីសាស្រ្ត ឬជាសិល្បៈ ឬជាបច្ចេកទេសនៃការដឹកនាំគ្រប់គ្រងរដ្ឋ។ ដូច្នេះ វាពិតជាការចាំបាច់ណាស់ដែលមន្រ្តីយើងត្រូវតែយល់ដឹងពីទស្សនៈ គោលជំហរ គោលការណ៍ គោលមាគ៌ានយោបាយរបស់គណបក្ស ដែលទាំងអស់នេះ គឺសុទ្ធតែជាទ្រឹស្តី ឬជាវិធីសាស្រ្តទាក់ទងដល់ការដឹកនាំគ្រប់គ្រងរដ្ឋរបស់គណបក្សយើង។ ឯកឧត្តមបន្តថា ការរៀនវគ្គនយោបាយ គឺដើម្បីឱ្យមន្រ្តីយើងមានមូលដ្ឋានរឹងមាំក្នុងការជឿជាក់លើការដឹកនាំរបស់គណបក្ស និងដើម្បីលើកកម្ពស់សមត្ថភាព និងគុណធម៌របស់មន្រ្តីឱ្យបំពេញភារកិច្ចបានល្អ ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សនៅក្នុងដំណាក់កាលនីមួយៗ។
ឯកឧត្តមប្រធានគូសបញ្ជាក់ថា សម្រាប់វគ្គកម្រិត២នេះយើងមានបញ្ចូលមេរៀនទស្សនវិជ្ជាសម្ភារនិយមវិចារវិទ្យាផងនោះ ត្រូវបានសម្តេចប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យកចិត្តទុកដាក់ណាស់ ហើយសម្តេចបានធ្លាប់មានប្រសាសន៍ក្នុងន័យថា “មន្រ្តីបក្ស ជាអ្នកបន្តវេនរបស់យើង គឺបានសិក្សារៀនសូត្រជំនាញផ្សេងៗមកពីបណ្តាប្រទេសច្រើនណាស់ខុសៗគ្នានៅក្នុងពិភពលោកនេះ។ សម្តេចបានគូសបញ្ជាក់ថា មន្រ្តីរបស់យើងគួរតែត្រូវបានបណ្តុះបណ្តាលអំពីវគ្គនេះ គួរតែបណ្តុះបណ្តាលអំពីវិធីសាស្រ្តត្រិះរិះពិចារណាប្រកបដោយវិទ្យាសាស្ត្រនេះទាំងអស់គ្នា ដើម្បីងាយស្រួលធ្វើការងារជាមួយគ្នា”។
ឯកឧត្តម ម៉ម សារិន ថ្លែងថា ទោះបីកម្ពុជាយើងត្រូវទទួលរងនូវការប៉ះពាល់ពីសភាពការណ៍ក្នុងតំបន់ និងសាកលលោក ពិសេសការបង្កសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែន និងការប្រឈមនឹងឧបាយកលរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចយ៉ាងណាក្តី ក៏កម្ពុជានៅតែបន្តរក្សាបានសន្តិភាពផ្ទៃក្នុងប្រទេស រក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្លាប់ និងសុវត្ថិភាពសង្គមរឹងមាំ។ ទាំងអស់នេះ គឺជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ធានាដល់ការរស់នៅប្រកបដោយភាពសុខក្រេមក្សាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
ដើម្បីធានាឲ្យវគ្គអប់រំនយោបាយទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក ឯកឧត្តម ម៉ម សារិន បានចូលរួមមតិមួយចំនួនរួមមាន៖ សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ដែលមានតួនាទីគ្រប់គ្រងវគ្គផងនោះ ខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនយោបាយនេះឲ្យបានល្អ។ សម្រាប់គ្រូឧទ្ទេសនាមគ្រប់រូប សុទ្ធតែជាគ្រូដែលមានសមត្ថភាព និងលទ្ធភាព ដែលអាចចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមនៅក្នុងវគ្គនេះ ប្រកបដោយទឹកចិត្តទូលំទូលាយជាទីបំផុត។ សូមសិក្ខាកាមគ្រប់រូបប្រមូលផ្តុំអារម្មណ៍ក្នុងការរៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់សក្តិសមនឹងកិត្តិនាមជាមន្រ្តីល្អរបស់គណបក្ស ដើម្បីធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រទេសជាតិ ប្រជាជន និងគណបក្ស ឲ្យកាន់តែបានល្អប្រសើរថែមទៀត។ សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ទាំងខាងផ្លូវកាយ និងផ្លូវចិត្ត រក្សាមិត្តភាព សាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាមជាមួយសិក្ខាកាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គ ដោយស្មារតីយោគយល់ និងសុខដុមរមនា។ ក្នុងន័យនេះ ឯកឧត្តម ម៉ម សារិន មានជំនឿថា វគ្គអប់រំនយោបាយនៅពេលនេះ ពិតជានឹងទទួលបានលទ្ធផលល្អប្រសើរស្របតាមគោលបំណង និងសំណូមពរនៃវគ្គរៀនសូត្រ ដែលជាការរួមចំណែកមួយថែមទៀតដល់ការពង្រឹងជួរមន្រ្តីបង្គោលរបស់គណបក្សយើង និងបានប្រកាសបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៥ ចាប់ពីពេលនេះតទៅ៕