ឯកឧត្តម ចាយ បូរិន អញ្ជើញ​ជាអធិបតីក្នុង​ពិធីសំណេះសំណាល​ជា​មួយ​សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា មក​ពីឃុំចំនួន៧ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ


ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ មកពីឃុំទាំង៧ ក្នុងស្រុកតំបែរ ចំនួន ១ ០៦៦ នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានគណបក្ស ជូនដល់សមាជិកបក្សថ្មីទាំងអស់ ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីរួបរួម សាមគ្គីភាព និងការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា ការចូលរួមរបស់បងប្អូននាពេលនេះ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការកសាងអំពើល្អទូទាំងប្រទេស ដើម្បឆ្លុះបញ្ចាំងពីគុណតម្លៃពិតប្រាកដរបស់គណបក្ស ចំខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៦)។
ទន្ទឹមនឹងនេះ ឯកឧត្តម ចាយ បូរិន ក៏បានរំលឹកជូនសមាជិកថ្មីទាំងអស់អំពីប្រវត្តិសាស្ត្រ និងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ជូនជាតិមាតុភូមិ។ ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមថា ក្នុងដំណាក់កាលដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ គឺគណបក្សប្រជាជនកម្ពុជាដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើការតស៊ូរំដោះជាតិ មាតុភូមិ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ ក្រោយថ្ងៃរំដោះ ៧ មករា គណបក្សបានចាប់ផ្តើមស្តារ និងអភិវឌ្ឍប្រទេសជាតិចេញពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។
ឯកឧត្តម ចាយ បូរិន បានផ្តល់នូវអនុសាសន៍ចំនួនបី
១.សូមឱ្យសមាជិកសមាជិកាគណបក្សក្លាយជាឃោសនិកសម្រាប់គណបក្ស ក្នុងការណែនាំ ឃោសនាដល់សមាជិកគណបក្សដទៃអោយចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា
២.សូមចូលរួមបំផុសសមាជិកសមាជិកាគណបក្សទាំងអស់អោយចលនាក្រុមគ្រួសារ និងមិត្តភក្ដិឱ្យទៅចុះឈ្មោះបោះឆ្នោត ពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ឺគ្នា
៣.ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
នាឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តម ចាយ បូរិន បានជូនពរដល់សមាជិក សមាជិកាថ្មីចំនួន ១ ០៦៦នាក់ មកពីឃុំចំនួន៧ និងប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា មកពីគ្រប់គណបក្សនយោបាយទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណបក្សនយោបាយដែលកំពុងធ្វើសកម្មភាពនៅក្នុងខេត្តត្បូងឃ្មុំ ដែលមានបំណងចង់ផ្លាស់ប្តូរមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងអភិវឌ្ឍមាតុភូមិឱ្យកាន់តែសម្បូរសប្បាយរុងរឿងបន្ថែមទៀត ក្រោមដំបូលនៃសុខសន្តិភាព៕