ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីចុងសប្ដាហ៍នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាល មកចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ទាំង១៦គ្រួសារ ដែលមានទីលំនៅក្នុងសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ចាន់ តារា ប្រធានអនុសាខាកាកបាទក្រហមក្រុងអរិយក្សត្រ និងជាអភិបាលក្រុង, លោកស្រី សមាជិកគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត សហការី និងអាជ្ញាធរក្រុងអរិយក្សត្រ។
ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនរងគ្រោះទាំងអស់ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរយ៉ាងក្រៃលែង។ លោកបានបន្តថា ជានិច្ចកាលសម្តេចប្រធាន តែងតែបានណែនាំជាប្រចាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយពិនិត្យមើលពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ត្រូវតែជួយដោះស្រាយរាល់ទុក្ខ លំបាក របស់បងប្អូនប្រជាពលរទូទៅ ពិសេសជនរងគ្រោះដោយសារគ្រោះមន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ផ្ទាល់ដោយគ្មានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម គួច ចំរើន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ អ្វីដែលសំខាន់នោះសូមគ្រួសាររងគ្រោះទាំងអស់ សូមបន្តខិតខំរកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ ជីវភាពគ្រួសារ ឱ្យមានភាពប្រសើរឡើងវិញ ទើបជាការប្រសើរ។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ នៅក្នុងរដូវវស្សានេះ អាចមានភ្លៀងធ្លាក់ច្រើន ដូចនេះសូមបងប្អូនចូលរួមថែទាំសុខភាពសម្រាប់ក្រុមគ្រួសារជាចម្បង ពិសេសករណីជំងឺគ្រុនឈាមចំពោះកុមារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត។
ចំពោះសម្ភារអំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តល់ជូន ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ត្រីខ ១យួរ ,ឃីតសម្លៀកបំពាក់មនុស្សចាស់ ក្មេង សារុង និងក្រមា ១កញ្ចប់ និងថវិកាចំនួន ២៥ម៉ឺនរៀល។ ក្នុងនោះព្រះឃោធម្មបណ្ឌិតលន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំបានចូលរួមបច្ច័យចំនួន ៥ម៉ឺនរៀលផងដែរ៕












