សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាត់ទុកវិស័យកសិកម្មជា«ក្រពះរបស់ជាតិ» រីឯមច្ឆជាតិជា «ម៉ាស៊ីនផលិតប្រូតេអ៉ីនរបស់ជាតិ»


(ស្វាយរៀង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រ​ពះ​របស់ជាតិ» ខណៈមច្ឆជាតិ គឺជា «ម៉ាស៊ីនផលិតប្រូតេអ៉ីនរបស់ជាតិ» ដោយសារមច្ឆជាតិ​ ជា​ប្រភពផ្តល់ប្រូតេអ៉ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែង​កូន​ត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា​ «រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជា «ក្រ​ពះ​របស់ជាតិ» ខណៈមច្ឆជាតិ គឺជា «ម៉ាស៊ីនផលិតប្រូតេអ៉ីនរបស់ជាតិ» ដោយសារមច្ឆជាតិ​ ជា​ប្រភពផ្តល់ប្រូតេអ៉ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបាន មច្ឆជាតិជាអាហារសហគមន៍​ដ៏​ពេញ​និយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសារធាតុ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការរអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន គឺជាបច្ចុកោណទី៤ នៃយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៍ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្មជារួម រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិ ការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងធនធានដី ព្រៃឈើ និងជុលផលប្រកបដោយចីរភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបបន្ថែមទៀតថា គោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកកសិកម្មទំនើប និងជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសការអភិវឌ្ឍកសិកម្ម តាមអនុវិស័យផងដែរ។

បន្ថែមពីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដែលបានខិតខំជំរុញវិស័យកសិកម្មនេះ ឱ្យបានដំណើរការទៅមុខ, ដោយសម្តេចបញ្ជាក់ថា បញ្ហាលើវិស័យកសិកម្ម ជាបញ្ហាប្រឈម មិនមែនមិនមានការប្រឈមនោះទេ ការប្រែប្រួលនៃស្ថានភាពលើពិភពលោក បានធ្វើឱ្យតម្លៃនៅក្នុងកសិផលនីមួយៗមានការប្រែប្រួល និងមិនដូចផលិតផលនៅក្នុងវិស័យឧស្សាហកម្ម ដែលអាចធានាតម្លៃបាននោះទេ៕