សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យស៊ើបរកមុខជនបំផុសបំផុលពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប


(ស្វាយរៀង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា មានអ្នកបំផុសឱ្យប្រជាពលរដ្ឋប្រើ​ឧប​ករ​ណ៍ឆក់ចេញទៅនេសាទត្រីនៅបឹងទន្លេសាប និងបានណែនាំឱ្យមានការស៊ើបរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប។

ការបញ្ជាបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែង កូន ត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងរយៈពេល២ឆ្នាំ សម្តេចបានបញ្ជាឱ្យកងទ័ពជើងគោក បញ្ចេញកម្លាំងដើម្បីដាក់ពង្រាយជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ចដែលកំពុងប្រតិ​បត្តិការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ ការដាក់ពង្រាយកងទ័ពជើងគោក ដើម្បីចូលរួមបង្ក្រាបទល្មើសនេសាទនេះ ដោយសារតែទំហំផ្ទៃបឹងទន្លេសាប មានទំហំធំ ហើយបទល្មើសនេសាទ ក៏បានការកើតឡើងច្រើនពីព្រោះក្រុមជនល្មើសបានប្រើប្រាស់ឧបករណ៍នេសាទកាន់តែទំនើប ជាពិសេសឧបករណ៍ឆក់ត្រជាក់ ឬឆក់ក្តៅ ព្រមទាំងឧករណ៍នេសាទខុសច្បាប់មួយចំនួនទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ង៉ៃមុនមានអ្នកទៅបំផុសប្រជាពលរដ្ឋឱ្យទៅឆក់ត្រីរាប់រយនាក់ ហើយកាលមុនមានអ្នកទៅបំផុសឱ្យចាប់ដី បើចាប់បានយកទៅលក់។ អាឡូវអ្នកបំផុសហ្នឹងគេថាឱ្យប្រជាពលរដ្ឋទៅឆក់ ឆក់ហើយបើបានគេទិញចឹងទៀត តែបើប្រឈមច្បាប់គេរួចខ្លួន ឥឡូវរកមើល ចាប់ឱ្យបានអ្នកបំផុសហ្នឹង»

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការស្វែងរកមុខមេខ្លោងបំផុសប្រជាពលរដ្ឋឱ្យចេញទៅឆក់ត្រីដោយខុសច្បាប់ ដើម្បីយកមកដាក់ទោសនេះ គឺដើម្បីការពារធនធានមច្ឆាឱ្យនៅគង់វង្ស។ ខណៈរយៈពេល ២ឆ្នាំកន្លងមកនេះ តាមរយៈការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់​បានយ៉ាងតឹងរឹង បានបង្ហាញលទ្ធផលយ៉ាងច្បាស់ថាកំណើនផលនេសាទត្រី មានការកើនឡើងជាដើម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចមិនចង់ប្រើកងទ័ពទៅបង្ក្រាបបទ ល្មើស នេសាទនោះទេ តែកម្លាំងជំនាញមានចំនួនតិច ទើបត្រូវប្រើកងទ័ពទៅជួយបន្ថែម។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវបន្តអភិរក្សត្រីមេពូជ និងវារីសត្វកំពុងរងគ្រោះ។ ទន្ទឹមនេះត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការណ៍ច្បាប់ ម៉ឹងម៉ាត់ ចំពោះការផលិត ចែកចាយ និងប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លាញធ្ងន់ធ្ងរ ដូចជា៖ ឧបករណ៍ឆក់ និងស្បៃមុងជាដើម៕