នាព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ប្រព័ន្ធព័ត៌មានធនធានទឹកជាតិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រព័ន្ធធារាសាស្ត្រ»។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា (ITC)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម គឺជាសមិទ្ធផលវិស្វកម្មដ៏ទំនើប ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាជឿនលឿនសម្រាប់ប្រមូលផ្តុំ រក្សាទុក និងវិភាគទិន្នន័យប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់ការអភិវឌ្ឍជាតិគ្រប់វិស័យ រួមមាន៖ វិស័យកសិកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយ អាកាសចរណ៍ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការត្រៀមលក្ខណៈបង្ការទុកជាមុន ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងទប់ស្កាត់បញ្ហាភាពរាំងស្ងួតឱ្យបានជាអតិបរមា។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងការណែនាំដល់សិក្ខាកាម និងមន្ត្រីបច្ចេកទេសទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការបង្រៀន គោរពវិន័យការងារ និងរៀនសូត្រឱ្យអស់ពីសមត្ថភាពទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់បង្កើនការសហការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីធានាបាននូវការកសាងសមត្ថភាពប្រកបដោយគុណភាព សំដៅឈានទៅសម្រេចបាននូវការគ្រប់គ្រងប្រព័ន្ធទិន្នន័យធនធានទឹកជាតិឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមដែលបានកំណត់។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ដែរថា ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ គឺជាកូនសោដ៏សំខាន់សម្រាប់យកទៅអនុវត្តការងារជាក់ស្តែងនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការអភិវឌ្ឍន៍វិស័យធនធានទឹកជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពធន់ខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕


