(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានថ្លែងថា មនុស្សគ្រប់រូប មិនថាស្ថិតក្នុងតួនាទី ឋានៈ ឬអាជីពណានោះទេ សុទ្ធតែជួបប្រទះបញ្ហា និងឧបសគ្គរៀងៗខ្លួន។ ដូច្នេះអ្វីដែលសំខាន់ គឺមិនត្រូវបោះបង់ចោលគោលដៅ និងការខិតខំប្រឹងប្រែងរបស់ខ្លួនឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «គ្មានពីណាអត់មានបញ្ហាទេ មិនថា នៅក្នុងតួនាទីជាអី នៅក្នងឋានៈជាអី នៅក្នុងអាជីពជាអី មិនថាពីគ្រួសារក្រីក្រ គ្រួសារមធ្យម ឬគ្រួសារអ្នកមានសុទ្ធតែមានបញ្ហារៀងៗខ្លួន ប៉ុន្តែអ្វីដែលសំខាន់គឺកុំបោះបង់ចោល នៅក្នុងចក្ខុវិស័យរបស់ខ្លួន»។
បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី, «ក្តីស្រមៃ និងក្តីសង្ឃឹម» ឬ «Dream and Hope» គឺជាមូលដ្ឋានសម្រាប់ជំរុញឲ្យមនុស្សម្នាក់ឆ្ពោះទៅរកភាពជោគជ័យ។ ក្តីស្រមៃ គឺជាទិសដៅដែលចង់សម្រេច ខណៈក្តីសង្ឃឹម គឺជាកម្លាំងចិត្តជំរុញឲ្យបន្តដំណើរទៅមុខ។ ប្រសិនបើមនុស្សម្នាក់បាត់បង់ក្តីសង្ឃឹម ហើយរវល់តែតូចចិត្តនឹងវាសនា ឬតវ៉ាព្រហ្មលិខិត នោះប្រៀបដូចជាបិទឱកាសរបស់ខ្លួនឯង។
ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គ្មានអ្នកណាអាចរារាំងការខិតខំប្រឹងប្រែងរបស់យើងបានទេ លើកលែងតែខ្លួនយើងផ្ទាល់។ ហេតុនេះ មនុស្សគ្រប់រូបត្រូវរក្សាក្តីសង្ឃឹម បន្តព្យាយាម និងមិនត្រូវចុះចាញ់ចំពោះឧបសគ្គនានា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បច្ចុប្បន្ន ប្រជាពលរដ្ឋមានសិទ្ធិ និងសេរីភាពក្នុងការជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្ត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងរួមចំណែកកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានអបអរសាទរដល់សិស្ស-និស្សិតទាំងអស់ ដែលបានខិតខំសិក្សាអស់រយៈពេល៣ទៅ៤ឆ្នាំ រហូតទទួលបានសញ្ញាបត្រនាពេលនេះ និងបានកោតសរសើរចំពោះការតស៊ូ ព្យាយាម និងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សាដ៏ត្រឹមត្រូវ ដែលជាមូលដ្ឋានសម្រាប់អនាគតរបស់ខ្លួន និងការអភិវឌ្ឍប្រទេសជាតិ៕


























































