សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ ហើយមិនបោះបង់ចោលទោះជួបការលំបាកកម្រិតណាក៏ដោយ


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងលើកទឹកចិត្តយុវជនថា ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ ហើយមិនបោះបង់ចោលទោះជួបការលំបាកកម្រិតណាក៏ដោយ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា យុវជនជាសសរទ្រូងសម្រាប់ជាតិ តែជាតិត្រូវការយុវជនប្រកបដោយសក្ដានុពល មានចំណេះជំនាញច្បាស់លាស់។ សម្ដេច បានបន្តថា នៅពេលមានឱកាសបានចូលកន្លែងណាមួយ ត្រូវតែប្រឹងស្រវាស្រទេញចាប់យកចំណេះដឹងនានាមកអភិវឌ្ឍខ្លួនឯង។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា មិនមែនគ្រប់មន្ត្រីដែលបម្រើការនៅតាមក្រសួងស្ថាប័ន សុទ្ធតែជាកូនអ្នកធំនោះទេ។ មន្ត្រីជាន់ខ្ពស់តាមស្ថាប័នរដ្ឋមួយចំនួន ក្រោកចេញសម័យ ប៉ុល ពត ជាគ្រាដ៏លំបាក ហើយក៏គ្មានបុគ្គលណាដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្នុងសម័យនោះ ឡើងបន្តជារដ្ឋមន្ត្រីក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានោះដែរ។ ជាមួយគ្នានេះ សម្ដេច ក៏បានលើកទឹកចិត្តដល់យុវជនគ្រប់ស្រទាប់វណ្ណៈ ទោះជួបឧបសគ្គកម្រិតណាក៏ដោយ ក៏ត្រូវតែតស៊ូបោះជំហានទៅមុនជានិច្ច មិនត្រូវបោះបង់ចោលនោះទេ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖ «គេថាឱ្យមានក្ដីស្រមៃ និងក្ដីសង្ឃឹម Dream and Hope។ ក្ដីស្រមៃ មានន័យថាយើងដាក់ទិសដៅដែលយើងចង់ទៅ ឯក្ដីសង្ឃឹមជាអ្វីដែលជំរុញទឹកចិត្តយើងឱ្យសម្រេចនូវក្ដីស្រមៃរបស់យើង។… គ្មាននរណាមកបិទក្ដីស្រមៃរបស់យើង ក្រៅពីយើងខ្លួនឯងនោះទេ»

បន្ថែមពីនេះ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ការរៀនសូត្រនៅក្នុងសាលាជារៀនសំខាន់ហើយ តែលើសពីនេះក៏ត្រូវរៀនសូត្រតាមរយៈការអនុវត្តជាក់ស្ដែងបន្ថែមទៀត ព្រោះបើយើងកាន់តែរៀន យើងនឹងដឹងខ្លួនឯងថាយើងកាន់តែមិនចេះ។ ត្រង់ចំណុចនេះមានន័យថា ការសិក្សាគឺមិនមានទីបញ្ចប់នោះទេ អ្នកកាន់តែរៀនអ្នកកាន់តែឃើញអ្វីថ្មីៗបន្ថែមទៀត ដូច្នេះត្រូវតែបន្តរៀនសូត្រ និងត្រូវចេះម្ចាស់ការលើដំណើរជីវិតរបស់ខ្លួន៕