(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ អញ្ជើញថ្លែងហេតុ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញា ស្តីពី ប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និង ពិធីសារនៃអនុសញ្ញា ស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញថ្លែងហេតុ ជូនលោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា អនុសញ្ញា និងពិធីសារអាកាសយាន ត្រូវបានរៀបចំឡើងជាគោលការណ៍ ដើម្បីដោះស្រាយបញ្ហា ក្នុងការអនុវត្តសិទ្ធិប្រកបដោយការធានា និងមានលក្ខណៈងាយស្រួល ចំពោះឧបករណ៍អាកាសយានដែលមានតម្លៃខ្ពស់ ដូចជាតួអាកាសយាន ម៉ាស៊ីន អាកាសយាន និងឧទ្ធម្ភាគចក្រជាដើម ហើយវត្ថុនេះមានចរិតជាធម្មជាតិ គឺពុំស្ថិតនៅទីតាំងតែមួយ។
ដូច្នេះ បញ្ហានៃការអនុវត្តសិទ្ធិ គឺត្រូវបានប្រើប្រាស់តាមមធ្យោបាយខុសៗគ្នា តាមរយៈប្រព័ន្ធច្បាប់ផ្សេងៗគ្នា ដើម្បីធានារក្សាកម្មសិទ្ធិនិងសិទ្ធិជួលអាកាសយាន ជាដើម ដែលនាំឱ្យអ្នកផ្តល់ហិរញ្ញប្បទានមានភាពស្ទាក់ស្ទើរ និងបង្កើនថ្លៃនៃប្រាក់កម្ចី ដើម្បីផ្តល់ហិរញ្ញប្បទានទិញឬជួលអាកាសយាន។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងទៀតថា អនុសញ្ញា និងពិធីសារអាកាសយាន បានផ្តល់មូលដ្ឋានថ្មីមួយ ដើម្បីកំណត់ បទប្បញ្ញត្តិគ្រប់គ្រងរួមដែលជួយដោះស្រាយ ឱ្យបានលឿនរាល់ការតវ៉ារបស់ម្ចាស់ បំណុល ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដូចជាករណីការទាមទាររបស់ម្ចាស់អាកាសយាន ដែលជាអ្នកផ្តល់ហិរញ្ញប្បទាន ជាមួយក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលជាអ្នក ទិញឬជួលអាកាសយានយកមកប្រើប្រាស់ជាដើម។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ការផ្តល់សច្ចាប័ននៃអនុសញ្ញា និងពិធីសារអាកាសយាន នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ រួមមាន៖
១៖ អត្ថប្រយោជន៍ផ្នែកច្បាប់
អនុសញ្ញានិងពិធីសារអាកាសយាន នឹងជួយឱ្យកាន់តែប្រសើរឡើងថែមទៀត ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល, ការលក់មាន លក្ខខណ្ឌក្រោមកិច្ចព្រមព្រៀងរក្សាសិទ្ធិកម្មសិទ្ធ និងកិច្ចព្រមព្រៀងជួល ចំពោះឧបករណ៍ អាកាសយាន ក្រោមរបៀបរបបអន្តរជាតិថ្មីមួយនិងតែមួយ ក្នុងការគ្រប់គ្រងឧបករណ៍ ចល័តដែលមានតម្លៃខ្ពស់ ដូចជាតួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រ ជាដើម ដែលហៅថាប្រាតិភោគជាអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ពីគ្រប់បណ្តា រដ្ឋភាគីផ្សេងៗទៀត តាមរយៈការបង្កើតប្រព័ន្ធចុះបញ្ជីអន្តរជាតិជាប្រព័ន្ធអេឡិចត្រូនិច។ ការចូលជារដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារ ហិរញ្ញវត្ថុ និងអាកាសចរណ៍អន្តរជាតិថាកម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
២៖ អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច
អនុសញ្ញានិងពិធីសារអាកាសយាន នឹងផ្តល់ជំនឿទុកចិត្តដល់បណ្តាអ្នកវិនិយោគ និងអ្នកឱ្យខ្ចីប្រាក់ ក្នុងការផ្តល់ហិរញ្ញប្បទានកាន់តែច្រើនឡើងថែមទៀត ដើម្បីទិញឬ ជួលឧបករណ៍ចល័តដែលមានតម្លៃខ្ពស់នេះ ដោយសារតែមានប្រាតិភោគជាអន្តរជាតិ លើគោលការណ៍អនុវត្តនៃសិទ្ធិកាន់កាប់ឡើងវិញ, ការលុបការចុះបញ្ជី និងការនាំចេញ អាកាសយាន ព្រមទាំងការទូទាត់សំណង។ ដោយឡែក ផលជះពីការចូលជារដ្ឋភាគីនៃអនុសញ្ញានិងពិធីសារអាកាសយាន ព្រះរាជាណាចក្រកម្ពុជាទទួលបានមកវិញ៖
* ចូលរួមជួយកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានពីក្រៅប្រទេស ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា
* ចូលរួមជួយដល់ការពង្រីកបន្ថែមអាកាសយានថ្មីៗ ដល់ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា
* ជួយបង្កើនភាពទាក់ទាញដល់ក្រុមហ៊ុនជួលអាកាសយាននិងអ្នកផ្តល់ហិរញ្ញ ប្បទានអន្តរជាតិ មកកាន់កម្ពុជា
* ជួយគាំទ្រដល់ការរីកចម្រើនប្រកបដោយភាពធន់ នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ អាកាសទាំងមូល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌អន្តរជាតិ។
បន្ថែមលើសពីនេះ ជាពិសេសអនុសញ្ញានិងពិធីសារអាកាសយាន នឹងជួយដល់ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដូចជាក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុង ការចរចាទិញអាកាសយានថ្មីៗពីក្រុមហ៊ុនផលិតយន្តហោះ ដូចជាក្រុមហ៊ុនប៊ូអ៊ុង (Boeing) របស់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុនកូម៉ាក់ (COMAC) របស់ប្រទេសចិន លក្ខខណ្ឌអនុគ្រោះផ្នែកហិរញ្ញវត្ថុ ព្រមទាំងបានកសាងទំនុកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ អាកាសយាន ដែលបានឬមានបំណងជួលអាកាសយានឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។
ជាគោលការណ៍ ប្រសិនបើព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគី និងពិធីសារអាកាសយាននេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលយកខ្លឹមសារនៃអនុសញ្ញា និងពិធីសារអាកាសយាននេះ ទាំងស្រុងដោយមិនអាចដាក់ខរក្សាសិទ្ធិឬធ្វើអញ្ញត្រកម្ម ណាមួយដែលផ្ទុយនឹងបទប្បញ្ញត្តិនៃអនុសញ្ញានិងពិធីសារអាកាសយាននេះឡើយ។
ដោយឡែក អនុសញ្ញា និងពិធីសារអាកាសយាននេះ បានបើកសិទ្ធិជូនរដ្ឋភាគីធ្វើសេចក្តី ប្រកាសជាផ្លូវការ ហើយអាចធ្វើឡើងដោយរដ្ឋភាគីនៅពេលតម្កល់លិខិតូបករណ៍ចូល ជារដ្ឋភាគី ឬនៅពេលក្រោយណាមួយក៏បាន ដូចមានចែងក្នុងមាត្រា៥៦នៃអនុសញ្ញា និងមាត្រា៣២នៃពិធីសារអាកាសយាន។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ចំពោះព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានផលប្រយោជន៍ក្នុងការអនុវត្ត អនុសញ្ញានិងពិធីសារអាកាសយាន រាជរដ្ឋាភិបាលនឹងរៀបចំធ្វើសេចក្តីប្រកាសដើម្បី បញ្ជាក់អំពីគោលជំហររបស់ខ្លួនលើការអនុវត្ត មាត្រា៣៩ (១) (ក), មាត្រា៣៩(១)(ខ), មាត្រា៤០, មាត្រា៥៣ និងមាត្រា៥៤(២) នៃអនុសញ្ញា និងការអនុវត្តមាត្រា៨, មាត្រា១០, មាត្រា១១, មាត្រា១២ និងមាត្រា១៣ នៃពិធីសារអាកាសយាន៕






