(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យចំណីអាហារ ដែលដាក់លក់តាមទីផ្សារ និងតាមសាលារៀនឱ្យបានខ្លាំងក្លាជាងមុន សំដៅធានាសុវត្ថិភាពចំណីអាហារ និងការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។
ការណែនាំនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោកអភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ី សំណាង បានសង្កត់ធ្ងន់ថា មន្ត្រីជំនាញ ក.ប.ប រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តយកចិត្តទុកដាក់ និងបង្កើនការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារឱ្យបានជាប់ជាប្រចាំ ជាពិសេសទៅលើផលិតផលដែលដាក់លក់នៅតាមសាលារៀន និងទីផ្សារនានា។ គោលបំណងសំខាន់គឺដើម្បីទប់ស្កាត់ការប្រើប្រាស់ចំណីអាហារដែលមានដាក់សារធាតុគីមីដោយខុសច្បាប់ ឬចំណីអាហារដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា អាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ ត្រូវតែសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីបង្ការ និងទប់ស្កាត់រាល់ការចរាចរណ៍ទំនិញ ឬចំណីអាហារដែលខូចគុណភាព ហួសកាល បរិច្ឆេទប្រើប្រាស់ ឬមានផ្ទុកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងករណីរកឃើញទំនិញណាដែលមិនស្របតាមស្តង់ដារបច្ចេកទេស ឬទំនិញក្លែងក្លាយ ត្រូវតែធ្វើការដកហូត និងប្រមូលមកបំផ្លាញចោលតែម្ដង ដោយគ្មានការយោគយល់ឡើយ ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ និងគុណភាពផលិតផលនៅលើទីផ្សារ។
ឯកឧត្តម វ៉ី សំណាង បានបន្តទៀតថា សុខភាពគឺជាទ្រព្យដ៏សំខាន់បំផុតរបស់មនុស្សជាតិ។ ហេតុដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាច្រើន ដើម្បីជំរុញលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបង្កើនធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ជួយអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
តាមរយៈការណែនាំនេះ ខេត្តតាកែវបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋពីហានិភ័យនៃចំណីអាហារមិនមានគុណភាព។ ការបង្កើនការត្រួតពិនិត្យនេះ មិនត្រឹមតែជាវិធានការទប់ស្កាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអប់រំដល់អ្នកលក់ និងអ្នកប្រើប្រាស់ឱ្យយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃសុវត្ថិភាពចំណីអាហារផងដែរ។











