ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានទទួលជួប ឯកឧត្តម Erastus Ekitela Lokaale ឯកអគ្គរដ្ឋទូត/តំណាងអចិន្រ្តៃយ៍កេនយ៉ា និងលោកស្រី Njoki Ndungu បេក្ខភាពកេនយ៉ា ជាចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់អាណត្តិ ២០២៧-២០៣៦ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច និងបានឆ្លងកាត់សង្រ្គាមស៊ីវិលជាច្រើនឆ្នាំ ដូច្នេះកម្ពុជាតែងប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងការដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិនានា ដូចជាតុលាការយុត្តិធម៌អន្តរជាតិ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ល។
ឯកឧត្តម Erastus Ekitela Lokaale បានឯកភាព និងបានបន្ថែមថា មានតែប្រទេសធ្លាប់ឆ្លងកាត់ស្ថានភាពលំបាកទាំងនេះទេ ទើបអាចយល់ច្បាស់ពីផលប៉ះពាល់មកលើសង្គមជាតិ។
ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃប្រព័ន្ធពហុភាគី និងច្បាប់អន្តរជាតិ សម្រាប់ដោះស្រាយជម្លោះនានា ជាពិសេសចំពោះប្រទេសតូច៕


