ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុមួយចំនួនដល់ព្រះសង្ឃដែលនឹងត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ២វត្ត នៅក្នុងខេត្តកោះកុង


ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោកពេជ្រ សិលា អភិបាលរងស្រុកបទុមសាគរ លោកយិន យួត លោកឈេង ហៃ ក្រុមប្រឹក្សាឃុំអណ្ដូងទឹក លោកនាង សាខន មេភូមិជីមាល នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញធ្វើពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃដែលនឹងត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តចំនួនពីរ គឺវត្តគិរីមាលីជលសាធម្មទស្សនា (ស្ថិតក្នុងស្រុកបទុមសាគរ) និងវត្តព្រះពុទ្ធកោះកុង (ហៅវត្តកោះកុងក្នុង) ស្ថិតក្នុងស្រុកកោះកុង ខេត្តកោះកុង។
ពិធីប្រគេនទៀនចំណាំព្រះវស្សានេះ ធ្វើឡើងទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្នុងគោលបំណងជួយទ្រទ្រង់នូវចតុបច្ច័យ និងជីវភាពរបស់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សាអស់កាលត្រីមាស (រយៈពេល៣ខែ) ដែលជារដូវមានភ្លៀងធ្លាក់ញឹកញាប់ បង្កការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត ជាពិសេសវត្តអារាមដែលស្ថិតនៅតំបន់ដាច់ស្រយាល និងអត្តខាត់។
ការប្រគេនទៀនចំណាំព្រះវស្សា មិនត្រឹមតែជាការបូជាគ្រឿងសក្ការៈថ្វាយចំពោះព្រះរតនត្រ័យ និងជួយបំភ្លឺដល់ការសិក្សាធម៌វិន័យរបស់ព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវ «អានិសង្សយ៉ាងធំធេង» ដល់ពុទ្ធបរិស័ទអ្នកមានសទ្ធាជ្រះថ្លាផងដែរ។ តាមជំនឿព្រះពុទ្ធសាសនា តេជៈបារមីនៃការប្រគេនពន្លឺប្រទីប ឬទៀនវស្សានេះ នឹងជួយបំភ្លឺជីវិតឱ្យជួបតែពន្លឺបញ្ញាញាណ ភាពរុងរឿង ជម្រះអស់ភាពងងឹតអន្ធការ គ្រោះភ័យ និងឧបទ្រពចង្រៃទាំងឡាយនៅក្នុងចិត្ត និងក្នុងឆាកជីវិត ព្រមទាំងនាំមកនូវសេចក្តីសុខក្សេមក្សាន្ត សុខភាពល្អបរិបូរណ៍ និងភព្វសំណាងល្អដល់ក្រុមគ្រួសារ ទាំងក្នុងជាតិបច្ចុប្បន្ននិងជាតិខាងមុខ។ ចំពោះគ្រឿងទេយ្យទាន ដែលបាននាំយកទៅប្រគេនដល់ព្រះសង្ឃក្នុង ១វត្តៗ រួមមាន៖
-ទៀនវស្សា៖ ១គូ
-អង្ករ៖ ១០០ គីឡូក្រាម
-សាដក៖ ១
-គ្រឿងភេសជ្ជៈ៖ ទឹកសុទ្ធ ២កេស និងទឹកក្រូច ២កេស
-គ្រឿងឧបភោគបរិភោគ៖ មីជាតិ ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ប្រេងឆា ១ដប, ស្ករស ១គីឡូក្រាម, តែ ១កញ្ចប់, កាហ្វេ ១កញ្ចប់
-គ្រឿងសក្ការៈ៖ ធូប ១ដុំ និងទៀនតូច ១ដុំ
-ព្រមទាំងបច្ច័យ (ថវិកា) មួយចំនួន សម្រាប់ចូលរួមចាប់មគ្គផលកសាងវត្តនីមួយៗផងដែរ។
ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាដ៏បរិសុទ្ធនេះ ជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសន្តាន ជាពិសេសវីរកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីការពារជាតិមាតុភូមិ និងបានបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
«ប្រគេនទៀនវស្សា បំភ្លឺបញ្ញា ថែរក្សាប្រពៃណី នាំសិរីសួស្តីដល់គ្រួសារ»៕