ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន នៅគេហដ្ឋាន


(ភ្នំពេញ) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ​​ដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំ​ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅគេហដ្ឋាន ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងសម្ដេច ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ ​ជានិច្ចកាល សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែ​យកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន មានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង និងសូមសម្ដែងកតញ្ញុតាធម៌គោរពជូនចំពោះ ​សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានចាត់ ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាមកផ្ដល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយស និងក្ដីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់ពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍និងបវេណីដ៏ផូរផង់របស់គណបក្សប្រជាជនកម្ពុជា»​ និងបានបញ្ជាក់ពីការគាំទ្រ ព្រមទាំងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម ​និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ​សម្ដេច ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលឯកឧត្តម​ធ្លាប់បានចូលរួមបម្រើឱ្យផលប្រយោជន៍ជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីជាបទពិសោធចែករំលែកជូនដល់យុវជន មានដូចជា៖

ក. តំណែងតំណាងរាស្ត្រ និងការងារនយោបាយ៖ ចាប់ពីនីតិកាលទី១ នៃរដ្ឋសភា ដល់នីតិកាលទី៥ នៃរដ្ឋសភាឆ្នាំ១៩៩៣-២០១៨ ​ជាអ្នកតំណាងរាស្ត្រ ​។ ឆ្នាំ១៩៩២-១៩៩៧ ​ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាទី ខេត្តតាកែវ។ ឆ្នាំ២០០១​ ជាប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឆ្នាំ២០០៥ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ឆ្នាំ១៩៩៧-២០២១ ​ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់​កណ្តាលចុះជួយស្រុកត្រាំកក់។ ឆ្នាំ២០២១ ដល់បច្ចុប្បន្ន ​ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់។

ខ. ប្រវត្តិការសិក្សា៖ ​ឆ្នាំ១៩៥៨ ​សិក្សាថ្នាក់បឋមសិក្សា នៅសាលាបឋមសិក្សាសម្ពោធិញាណ។ ​ឆ្នាំ១៩៦៣-១៩៦៦ សិក្សានៅវិទ្យាល័យព្រះឧទ័យ (តាកែវក្រុង) ​ឆ្នាំ១៩៦៧-១៩៦៨ មកសិក្សានៅវិទ្យាល័យចៅពញ្ញាយ៉ាត ​និង​ឆ្នាំ១៩៦៨-១៩៦៩ នៅវិទ្យាល័យស៊ីសុវត្ថិ​ ដោយទទួលបានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាប័ត្រភាគទី១។ ​បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទក្សេត្រវិទ្យា និងជាវិស្វករក្សេត្រវិទ្យា (គង្គា-រុក្ខា)។ ​​ឆ្នាំ១៩៨៥-១៩៩១ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅសភាសេដ្ឋកិច្ចនៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត។ ឆ្នាំ២០០៦ ទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាឯកទេសវិទ្យាសាស្ត្រកសិកម្ម និងអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ ឆ្នាំ២០០៧ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកកសិកម្ម ពី Chonnam National University នៃសាធារណរដ្ឋកូរ៉េ និងសញ្ញាបត្របណ្ឌិតកិត្តិយសនៃការគ្រប់គ្រងពាណិជ្ជកម្ម (Honoris Causa) ពី Southern California University។

គ. គោរមងារជាន់ខ្ពស់៖ ឆ្នាំ២០១២ ទទួលបានបណ្ឌិតសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកសិកម្ម តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥១២/៤៣០ ។ ឆ្នាំ២០២០ ទទួលបានព្រះរាជក្រឹត្យស្តីពីការតែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា គោរមងារជា «បណ្ឌិតសភាចារ្យ»។

ឃ. ប្រវត្តិការងារ និងស្នាដៃ៖ ​ឆ្នាំ១៩៧៩ ចូលបម្រើការងារជាបុគ្គលិក KAMPEXIM នៅក្រសួងពាណិជ្ជកម្ម។ ​ឆ្នាំ១៩៧៩-១៩៨៧ ជាអនុប្រធានទី១ នៃនាយកដ្ឋានរុក្ខាប្រមាញ់។ ​ឆ្នាំ១៩៨៧-១៩៩៧ ជាប្រធាននាយកដ្ឋានរុក្ខាប្រមាញ់។ ​ ឆ្នាំ១៩៩៧-១៩៩៨ ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។​ ឆ្នាំ១៩៩៨-២០០០ ជាសមាជិកសភា។ ​ ឆ្នាំ២០០០-២០០១ ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ​ឆ្នាំ២០០១-២០១៣ ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ​ឆ្នាំ២០១៣-២០១៨ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ​ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ជាសមាជិករដ្ឋសភា។ បានកសាងបណ្ណាល័យនិងសារមន្ទីរបណ្ឌិតសភាចារ្យ ច័ន្ទសារុន មួយកន្លែងស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ

ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានចែករំលែកបទពិសោធ ​ដល់យុវជនគណបក្ស ដូចខាងក្រោម៖

1. ​សម្ដេចអគ្គមហាសេនាបតីតេជោ តែងមានប្រសាសន៍ថា កម្លាំងសាមគ្គីជាកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមយ៉ាងកក់ក្ដៅទៅលើកម្លាំងយុវជនបន្តវេន ដែលជាកម្លាំងចលករក្នុងការដឹកនាំនាវាកម្ពុជា ដើម្បីឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាព និងភាពរុងរឿងជានិរន្តរ៍។

2. វិស័យកសិកម្ម គឺជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជាមូលដ្ឋាននៃជីវភាពប្រជាកសិករភាគច្រើននៅជនបទ។ ដូច្នេះ មន្ត្រីជាយុវជនត្រូវចុះទៅដល់មូលដ្ឋាន ស្តាប់សំឡេងប្រជាកសិករ និងរៀនសូត្រពីការអនុវត្តជាក់ស្តែង។ ដើម្បីអភិវឌ្ឍកសិកម្មនិងវប្បកម្ម ឱ្យស្របតាមសម័យទំនើប ការផ្លាស់ប្ដូពីការធ្វើកសិកម្មតាមបែបប្រពៃណីទៅជាកសិកម្មវ័យឆ្លាត គឺជារឿងចាំបាច់បំផុត។

3. មន្ត្រីគណបក្សត្រូវស្មោះត្រង់នឹងគណបក្ស ធ្វើការងារបម្រើគណបក្ស និងត្រូវខិតខំធ្វើខ្លួនឱ្យល្អ ដើម្បីចូលរួមបម្រើគណបក្សនិងប្រទេសជាតិឱ្យមានការរីកចម្រើន។

4. ការសិក្សារៀនសូត្រមាននៅគ្រប់ទីកន្លែង​ គ្រប់ពេលវេលា ដូច្នេះខ្ញុំសូម​អញ្ជើញ​យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ អញ្ជើញចូលសិក្សាស្រាវជ្រាវនៅបណ្ណាល័យនិងសារមន្ទីរ ដែលខ្ញុំបាទ និងក្រុមគ្រួសារបានកសាង ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

5. សូមគាំទ្រលើសកម្មភាពចុះសួរសុខទុក្ខ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលបន្តប្រពៃណីដ៏ល្អរបស់សម្ដេចតេជោ។ សកម្មភាពនេះជាការផ្សារភ្ជាប់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរវាងសមាជិកគណបក្សគ្រប់រូប និងគ្រប់ជាន់ថ្នាក់ ហើយសូមឱ្យបន្តសកម្មភាពដ៏ប្រពៃនេះ ឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តមប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលបានចូលរួមចំណែកបម្រើគណបក្ស និងប្រជាជននាពេលកន្លងមក ជាពិសេសក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕