(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision Cambodia) ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈយុទ្ធនាការបៃតង និងពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ការគាំទ្រនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូអង្គការទស្សនៈពិភពលោកអន្តរជាតិ ដឹកនាំដោយលោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីអង្គការ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការដៃគូក្នុងការគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត បៃតង និងចីរភាព។ ជាពិសេស សកម្មភាពរបស់អង្គការទស្សនៈពិភពលោកក្នុងការដាំ និងថែរក្សាព្រៃឈើ មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជួយឱ្យប្រជាសហគមន៍អាចទាញប្រាក់ចំណូលបន្ថែម និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។
ជាការឆ្លើយតប លោកស្រីបណ្ឌិត Than Thi Ha បានបញ្ជាក់ថា អង្គការ World Vision នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ដើម្បីកសាងសហគមន៍មូលដ្ឋានឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ នេះនឹងធ្វើឡើងតាមរយៈការតភ្ជាប់កិច្ចការពារបរិស្ថានទៅនឹងការបង្កើនចំណូលសេដ្ឋកិច្ចមូលដ្ឋាន ដោយជំរុញឱ្យប្រជាជនចេះថែរក្សា ការពារព្រៃឈើ ការដាំស្តារព្រៃឈើឡើងវិញ និងការបង្កើតមុខរបរក្រៅពីការដាក់សម្ពាធលើព្រៃឈើ។ កិច្ចការទាំងនេះនឹងរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋ៕




















