សូមសរសើរទឹកចិត្តកងទ័ព! កងពលធំអន្តរាគមន៍លេខ២ បរិច្ចាគថវិកាចំនួន ២៨៨ ០៤០ ០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា


(សៀមរាប)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ នៃកងយុទ្ធពលខេមរភូមិន្ទ ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសហការី នាំថវិកាចំនួន ២៨៨ ០៤០ ០០០រៀល ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

សូមបញ្ជាក់ជូនថា នេះជាលើកទី៧ហើយ ដែលកងពលធំអន្តរាគមន៍លេខ២ បានចូលរួមក្នុងចលនាកៀរគរ និងប្រគល់ថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ស្របតាមស្មារតី និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក៏ដូចជាប្រតិបត្តិតាមការអំពាវនាវជាបន្តបន្ទាប់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកលពលធំអន្តរាគម៍លេខ២ ចំពោះការបន្តគិតគូរ និងកៀរគរថវិកាបរិច្ចាគជាប្រចាំ និងគ្រប់កាលៈទេសៈ បន្ថែមលើកិច្ចការការពារជាតិ មាតុភូមិ និងពលរដ្ឋ។

ការបរិច្ចាគពីសំណាក់សប្បុរសជន ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។ សប្បុរសជនអាចបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ QR Code ឬលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិឬ ធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕