ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់ នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ក្នុងទីក្រុងហែលស៊ិនគី។
ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Harri Pietarila នាយកសេវាកម្មបច្ចេកទេស និងក្រុមការងារនៃវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ដើម្បីស្វែងយល់ពីបទពិសោធន៍របស់ប្រទេសហ្វាំងឡង់ក្នុងវិស័យវិទ្យាសាស្ត្រឧតុនិយម ការព្យាករប្រតិបត្តិការ ការច្នៃប្រឌិតឌីជីថល និងការអភិវឌ្ឍស្ថាប័ន។ ជាពិសេសស្វែងយល់ពីរបៀបដែលវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្មប្រតិបត្តិការ ដើម្បីផ្តល់ព័ត៌មានអាកាសធាតុដែលត្រឹមត្រូវ និងអាចទុកចិត្តបាន ដើម្បីគាំទ្រដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាល និងសុវត្ថិភាពសាធារណៈ។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ ដែលនឹងរួមបញ្ចូលទិន្នន័យរ៉ាដា ជលសាស្ត្រ ផ្កាយរណប និងការសង្កេតលើដី ដើម្បីធ្វើឱ្យប្រសើរឡើងនូវការព្យាករ ការព្រមានទុកជាមុន និងការធ្វើសេចក្ដីសម្រេចចិត្ត ព្រមទាំងការធ្វើទំនើបកម្មសេវាឧតុនិយម និងជលសាស្ត្ររបស់ខ្លួន ដើម្បីពង្រឹងការព្យាករអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានទឹក និងភាពធន់នៃអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា វិទ្យាស្ថានឧតុនិយមហ្វាំងឡង់អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍឧតុនិយមរយៈពេលវែង និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់កម្ពុជា ហើយកិច្ចពិភាក្សានាពេលនេះជាឱកាសមួយដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីជំនាញបច្ចេកទេស និងស្វែងយល់ពីវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងស្ថាប័នទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាការចាប់ផ្តើមនៃភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ និងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕


