កម្ពុជាបង្ហាញពី​សមិទ្ធផល​ក្នុងការបោសសម្អាតគ្រាប់មីន និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម​


នៅទីក្រុងញូវយ៉ក នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាពស្តីពី “សកម្មភាពមីនជាកត្តាជំរុញដល់ការកសាងសន្តិភាព យុត្តិធម៌អន្តរកាល ការផ្សះផ្សា និងការស្តារឡើងវិញ៖ មេរៀនពីប្រទេសកម្ពុជា និងកូឡុំប៊ី” នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (អ.ស.ប.) ឯកឧត្តម យោង ចាន់សុភារ ភារធារីស្តីទីកម្ពុជាប្រចាំ អ.ស.ប. បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសក្រោយជម្លោះដែលធ្លាប់រងការគំរាមកំហែងដោយសារគ្រាប់មីន កម្ពុជាចាត់ទុកសកម្មភាពមីនមិនត្រឹមតែជាបញ្ហាមនុស្សធម៌ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើការកសាង និងការថែរក្សាសន្តិភាព។

ឯកឧត្តម បានជម្រាបជូនអង្គប្រជុំអំពីបទពិសោធន៍ និងសមិទ្ធផលជាក់ស្តែងរបស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន ដោយបានរំលេចនូវការរំដោះផ្ទៃដីដែលមានសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ៣.៥៩៨ គីឡូម៉ែត្រការ៉េ ក្នុងនោះរួមមានផ្ទៃដីមានសល់គ្រាប់មីនប្រឆាំងមនុស្សចំនួន ២.៥៨៦ គីឡូម៉ែត្រការ៉េ។ ឯកឧត្តមក៏គូសបញ្ជាក់​ផងដែរអំពីការរួមចំណែករបស់កម្ពុជាក្នុងការបញ្ជូនកងរក្សាសន្តិភាពប្រមាណ ១ ម៉ឺននាក់ រួមទាំងអ្នកជំនាញដោះមីន ចាប់តាំងពីឆ្នាំ២០០៦ និងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដោយជោគជ័យ។

ទន្ទឹមនឹងការបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរំដោះផ្ទៃដីដែលមានសល់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០៣០ តាមរយៈការអនុវត្តគោលនយោបាយសកម្មភាពមីនថ្នាក់ជាតិ ឆ្នាំ២០២៦-២០៣៥ ឯកឧត្តម បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកមនុស្សធម៌ដែលបណ្តាលមកពីជម្លោះព្រំដែននាពេលថ្មីៗ និងការប្រើប្រាស់គ្រាប់បែកចង្កោមដោយភាគីម្ខាងទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការណ៍​នេះមិនត្រឹមតែបង្កផលប៉ះពាល់មនុស្សធម៌រយៈពេលវែងប៉ុណ្ណោះទេ ថែមទាំងដាក់សម្ពាធបន្ថែមលើការងារវាស់វែង-ស្រាវជ្រាវ ការបោសសម្អាត និងការជួយសង្គ្រោះជនរងគ្រោះរបស់កម្ពុជាផងដែរ៕