ក្រុមហ៊ុនឥណ្ឌាតំណាងឱ្យវិស័យអេឡិចត្រូនិក សូហ្វវែរ និងបច្ចេកវិទ្យាព័ត៌មាន បានជួបពិភាក្សាជាមួយសមភាគីក្រុមហ៊ុនកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រតិភូធុរកិច្ចឥណ្ឌា ដែលមានសមាសភាពចំនួន ១១ រូប តំណាងឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ឥណ្ឌាចំនួន ៩។ ក្រុមហ៊ុនឥណ្ឌាបានមកដល់រាជធានីភ្នំពេញ ដើម្បីស្វែងរកឱកាសធុរកិច្ច និងវិនិយោគ បង្កើតភាពជាដៃគូសហប្រតិបត្តិការជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងដំណើរការបរិវត្តកម្មឌីជីថល (Digital Transformation) របស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងកម្ពុជា លើវិស័យបច្ចេកវិទ្យាឌីជីថល នវានុវត្តន៍ និងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។
កិច្ចពិភាក្សាធុរកិច្ច (B2B) នេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយក្រុមប្រឹក្សាលើការផ្សព្វផ្សាយការនាំចេញអេឡិចត្រូនិក និងសូហ្វវែរកុំព្យូទ័រ (ESC) ដែលជាអង្គការលើកកម្ពស់ពាណិជ្ជកម្មកំពូលរបស់ឥណ្ឌាសម្រាប់វិស័យអេឡិចត្រូនិក ទូរគមនាគមន៍ សូហ្វវែរកុំព្យូទ័រ និងសេវាកម្មគាំទ្រដោយបច្ចេកវិទ្យាព័ត៌មាន (IT-enabled Services)។ ប្រតិភូឥណ្ឌារួមមាន នាយកប្រតិបត្តិ (CEO) អគ្គនាយក (MD) និងមន្ត្រីប្រតិបត្តិជាន់ខ្ពស់ ដែលតំណាងឱ្យវិស័យបច្ចេកវិទ្យាជឿនលឿនយ៉ាងទូលំទូលាយ រួមមាន៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការរៀនសូត្ររបស់ម៉ាស៊ីន (Machine Learning), បច្ចេកវិទ្យាប្លុកឆេន (Blockchain), អ៊ីនធឺណិតនៃវត្ថុ (Internet of Things – IoT), ប្រព័ន្ធក្លោដ (Cloud Computing), សន្តិសុខសាយប័រ (Cyber Security), ការវិភាគទិន្នន័យទំហំធំ (Big Data Analytics), បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យាកសិកម្ម (AgriTech), ស្វ័យប្រវត្តិកម្មធុរកិច្ច (Business Automation), ដំណោះស្រាយយានយន្តអគ្គិសនី (EV Solutions), កម្មវិធីទូរស័ព្ទ និងវេបសាយ (Mobile & Web Applications), បច្ចេកវិទ្យាមេតាវើស (Metaverse Technologies), បច្ចេកវិទ្យាអាកាសចរណ៍ (Aviation Technologies), បច្ចេកវិទ្យាព័ត៌មានសុខាភិបាល (Health IT), រូបជីវចល (Animation) និងហ្គេម (Gaming), បច្ចេកវិទ្យានិម្មិតបន្ថែម (Augmented Reality – AR) និងបច្ចេកវិទ្យានិម្មិត (Virtual Reality – VR), ឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ទូទៅ (Consumer Electronics), ការរចនា និងការផលិតប្រព័ន្ធអេឡិចត្រូនិក (ESDM), សេវាកម្មផលិតកម្មអេឡិចត្រូនិក (EMS), បច្ចេកវិទ្យាសេមីកុងឌុចទ័រ (Semiconductors), គ្រឿងបំណែកអេឡិចត្រូនិក និងគ្រឿងបន្លាស់បច្ចេកវិទ្យាព័ត៌មាន (IT Hardware), ឧបករណ៍ និងបរិក្ខារអេឡិចត្រូនិកវេជ្ជសាស្ត្រ, អេឡិចត្រូនិកយុទ្ធសាស្ត្រ, ផលិតផល និងបរិក្ខារដើរដោយថាមពលព្រះអាទិត្យ, ឧបករណ៍វាស់វែងអេឡិចត្រូនិក, បច្ចេកវិទ្យាបង្កប់ (Embedded Technologies) និងបច្ចេកវិទ្យាដ្រូន (Drone Technologies)។
ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងជាង ១០០ នាក់ មកពីមន្ត្រីរាជរដ្ឋាភិបាល វិស័យឯកជន សមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនបង្កើតថ្មី (Startups) មកពីប្រទេសទាំងពីរ។ សមាសភាពភាគីកម្ពុជារួមមាន ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ និងក្រុមហ៊ុនបង្កើតថ្មី សមាគមឧកញ៉ាកម្ពុជា (COA) សមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា (CDTA) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC) និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខជាច្រើនទៀត ដូចជា ធនាគារ ABA Bank ធនាគារ អេស៊ីលីដា ធនាគារ វឌ្ឍនៈ ធនាគារ Wing និងធនាគារ Bridge ព្រមទាំងគ្រឹះស្ថានផ្សេងៗទៀត។
ក្នុងជំនួបពិភាក្សាជាមួយសមាសភាពចូលរួម ឯកឧត្តមឯកអគ្គរដ្ឋទូត Vanlalvawna បានលើកទឹកចិត្តដល់ធុរជននៃប្រទេសទាំងពីរ ឱ្យស្វែងរកមធ្យោបាយបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូបច្ចេកវិទ្យា នវានុវត្តន៍ ការកសាងសមត្ថភាពឌីជីថល និងការវិនិយោគ។ លោកបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងសហគ្រាសឥណ្ឌា និងកម្ពុជា នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីបន្ថែមទៀត ព្រមទាំងគាំទ្រដល់បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
លោក Gurmeet Singh ប្រធានមន្ត្រីនាយកប្រតិបត្តិ និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សា ESC បានកត់សម្គាល់ថា៖ «កិច្ចពិភាក្សានេះ មិនមែនគ្រាន់តែជាជំនួបរវាងអាជីវកម្ម និងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចាប់ផ្តើមនៃដំណើររួមគ្នាឆ្ពោះទៅកាន់អនាគតឌីជីថល ដែលឥណ្ឌា និងកម្ពុជា ឈរជាដៃគូក្នុងនវានុវត្តន៍ និងភាពជឿនលឿន។ ប្រតិភូរបស់យើងតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាជឿនលឿនរបស់ឥណ្ឌា រាប់ចាប់ពី AI, IoT, សន្តិសុខសាយប័រ, FinTech, AgriTech, ដំណោះស្រាយ EV និងអេឡិចត្រូនិកជឿនលឿនជាដើម។ យើងមើលឃើញថា កម្ពុជាមិនត្រឹមតែជាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូសហការក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ដែលអាចជួយពង្រឹងសមត្ថភាពប្រជាជន ពង្រឹងស្ថាប័ន និងបង្កើតហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពរឹងមាំ និងចីរភាព។ យើងអាចរួមគ្នាបំប្លែងគំនិតទៅជាលទ្ធផលវិជ្ជមាន និងបំប្លែងភាពជាដៃគូទៅជាមរតក ដោយធានាថា បច្ចេកវិទ្យានឹងក្លាយជាស្ពាននៃឱកាសសម្រាប់មនុស្សជំនាន់ក្រោយ»។
ប្រទេសឥណ្ឌាត្រូវបានទទួលស្គាល់ជាសកលថា ជាមជ្ឈមណ្ឌលឈានមុខគេលើវិស័យបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍសូហ្វវែរ នវានុវត្តន៍ឌីជីថល និងបច្ចេកវិទ្យាកំពុងលេចធ្លោ។ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដ៏រស់រវើក កម្លាំងពលកម្មដែលមានជំនាញខ្ពស់ និងឧស្សាហកម្ម IT ដែលមានសមត្ថភាពប្រកួតប្រជែងជាសកល បានធ្វើឱ្យឥណ្ឌាក្លាយជាសេដ្ឋកិច្ចឌីជីថលឈានមុខគេមួយក្នុងពិភពលោក និងជាដៃគូបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តសម្រាប់បណ្តាប្រទេសនានានៅទូទាំងពិភពលោក។
កិច្ចពិភាក្សានេះក៏បានគូសបញ្ជាក់ពីការរីកចម្រើន និងភាពជាអ្នកដឹកនាំរបស់ឥណ្ឌាក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ឌីជីថលផងដែរ។ នាដើមឆ្នាំនេះ ប្រទេសឥណ្ឌាបានរៀបចំធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវ “កិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិត (AI) ឥណ្ឌា ឆ្នាំ២០២៦” (India AI Impact Summit 2026) នៅទីក្រុងញូវដេលី ដែលជាកិច្ចប្រជុំកំពូល AI សកលលើកដំបូងបង្អស់ដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសមួយនៃតំបន់អាស៊ីខាងត្បូង។ កិច្ចប្រជុំកំពូលនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំមកពីជាង ១០០ ប្រទេស ក្រុមហ៊ុនបច្ចេកវិទ្យាសកល អ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ ក្រុមហ៊ុនបង្កើតថ្មី និងអង្គការអន្តរជាតិនានា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ AI ប្រកបដោយការទទួលខុសត្រូវ បរិយាបន្ន និងតម្កល់មនុស្សជាមជ្ឈមណ្ឌល។ ប្រព័ន្ធអេកូឡូស៊ី AI របស់ឥណ្ឌាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរដ្ឋ និងវិស័យឯកជន ការស្រាវជ្រាវ និងនវានុវត្តន៍ ការអភិវឌ្ឍក្រុមហ៊ុនបង្កើតថ្មី ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងគំនិតផ្តួចផ្តើមនានាដែលផ្តោតលើការទាញយកប្រយោជន៍ពី AI សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។
កិច្ចពិភាក្សាធុរកិច្ចរយៈពេលមួយថ្ងៃនេះ បានផ្តល់នូវវេទិកាដ៏មានប្រសិទ្ធភាព ក្នុងការលើកកម្ពស់បណ្តាញធុរកិច្ច ការផ្ទេរបច្ចេកវិទ្យា ការផ្លាស់ប្តូរចំណេះដឹង និងភាពជាដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនឥណ្ឌា និងកម្ពុជា។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ICT និងលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍ ក្រោមក្របខណ្ឌនៃភាពជាដៃគូកម្ពុជា-ឥណ្ឌា។



