ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ខេត្តតាកែវ នេះបង្កេីតឡេីងដើម្បីជាថ្នាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា ដែលធ្វេីឱ្យប្រជាពលរដ្ឋរស់នៅតំបន់ជនបទអាចបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ប្រកបដោយចីរភាព ដោយជំរុញការធ្វើពិពិធកម្មមុខរបរ និងនវានុវត្តន៍ការងារ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញបំណិនជីវិត និងជំនាញសហគ្រិនភាព។ មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ខេត្តតាកែវនេះ គឺជាមជ្ឈមណ្ឌលទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានចាប់ផ្ដើមបើកបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ និងបច្ចុប្បន្នការងារសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រេចវឌ្ឍនភាពបាន ៥០%។
ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារនាពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចង្អុលបង្ហាញដល់ក្រុមហ៊ុនទទួលការសាងសង់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ និងស្របតាមគំនូសប្លង់ដែលបានកំណត់ ព្រមទាំងត្រូវជំរុញការងារសាងសង់ឱ្យសម្រេចបានតាមកិច្ចសន្យាការងារ ដើម្បីឆាប់បានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋតាមរយៈការបណ្ដុះបណ្ដាល៕


