នៅអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានញ្ជេីញជួបប្រជុំពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. និងប្រធាន-អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ ប្រធានមន្ទីរ-អង្គភាពជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍សម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំតំណាងឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅរដ្ឋបាលខេត្តស្វាយរៀង នៅពេលនេះ ដែលបង្ហាញឱ្យឃេីញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែបានផ្តល់នូវទស្សនៈទានល្អៗ និងកែសម្រួលចំណុចខ្វះខាត ដេីម្បីឈានទៅសម្រេចគោលដៅប្រកបដោយប្រសិទ្ធភាពការងារ។
ឯកឧត្តម សួស ប្រាថ្នា បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមកង្វល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងការទទួលសេវារដ្ឋបាល។
ឯកឧត្តមបានបញ្ជាក់ថា «ការជួបប្រជុំនៅថ្ងៃនេះ គឺដើម្បីរួមគ្នាពិនិត្យពិភាក្សា និងកែលម្អប្រព័ន្ធការងារឱ្យកាន់តែរលូន មិនមែនជាការចុះមកដកស្រង់កំហុស ឬដាក់សម្ពាធលើអង្គភាពណាមួយនោះឡើយ» ក្រុមការងារចង់ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង ដើម្បីជួយសម្រួល និងកំណត់ស្ថាប័នទទួលខុសត្រូវឱ្យបានច្បាស់លាស់ សំដៅធានាថា រាល់ឯកសាររបស់ប្រជាពលរដ្ឋទទួលបានការមើលថែ និងដោះស្រាយបានទាន់ពេលវេលា ជាពិសេសការកែសម្រួលនីតិវិធីការងារឱ្យកាន់តែសាមញ្ញ និងបម្រើសេវាបានល្អជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕























































