ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
អនុវត្តតាមការប្រគល់ភារកិច្ចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្ដាល បានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ឯកឧត្តម កាយ សំរួម សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការគណបក្សប្រជាជនខេត្តកោះកុង ដែលបានទទួលមរណៈភាពនាវេលាម៉ោង ១០:០៩នាទីយប់ ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ ។ សពរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណីនៅវត្តអម្ពរទិយារាម ហៅវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
គណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកទុក្ខដោយក្ដីក្ដុកក្ដួល និងអាលោះអាល័យបំផុតចំពោះក្រុមគ្រួសារនៃសព ឯកឧត្តម កាយ សំរួម និងសូមបួងសួងដល់វិញ្ញាណក្ខន្ធឯកឧត្តមបានទៅសោយសុខក្នុងសុគតិភពជារៀងរហូតទៅ និងសូមជូនពរឱ្យក្រុមគ្រួសារនៃសពជួបតែពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕


