នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្ត ក្រាំងពិសី ស្ថិតនៅភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
ជាកិច្ចចាប់ផ្តើម លោក ចេម ប្រា អភិបាលស្រុកពារាំង បានអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ជូនសម្តេច និងអង្គពិធី។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេច បានថ្លែងនូវការ កោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយមូលដ្ឋាន និងអាជ្ញាធរមានសមត្ថិកិច្ច កងកម្លាំងគ្រប់ប្រភេទ នៃខេត្តព្រៃវែង ក្នុងការបំពេញ ភារកិច្ចរបស់ខ្លួន លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ជូនប្រជាពលរដ្ឋនិងសង្គមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត និងទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសនោះ សម្តេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម សេង យូអ៊ាន់ និងក្រុមការងារចុះមូលដ្ឋាន ព្រមទាំងបងប្អូន សប្បុរសជនដែលបានបរិច្ចាគនូវធនធានជាថវិកា សម្ភារៈយ៉ាងច្រើន និងលះបង់ កម្លាំងកាយចិត្ត បញ្ញាស្មារតីដើម្បីលើកស្ទួយវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានខេត្តព្រៃវែងយើងនេះ។
សម្តេច មានប្រសាសន៍បន្តថា តាំងតែពីដើមរហូតដល់បច្ចុប្បន្ន វត្តអារាមព្រះពុទ្ធសាសនា បានចូលរួម អភិវឌ្ឍសង្គមកម្ពុជាស្ទើរគ្រប់វិស័យរួមមាន៖ អប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ជាដើម។ ថ្នាក់ដឹកនាំជាច្រើនរូប រួមទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សុទ្ធតែមានប្រវត្តិជាក្មេងវត្ត និង ទទួលការ អប់រំបណ្តុះបណ្តាលពីវត្តអារាមដែលមានព្រះសង្ឃជាគ្រូ។ ប្រជាពលរដ្ឋខ្មែរស្ទើរ ៩០ភាគរយ ជាអ្នកគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ហើយវត្តអារាមក៏បានដើរតួ នាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមខ្មែរផងដែរ។
សម្តេច មានប្រសាសន៍បន្ថែមថា ក្រៅពីជាកន្លែងប្រារព្ធពិធីបែបសាសនា វត្តអារាម ត្រូវបានចាត់ទុកជា ទីថែរក្សានូវអត្តសញ្ញាណ និងវប្បធម៌ខ្មែរ។ វត្តអារាមជាទីជម្រកស្នាក់អាស្រ័យរបស់សិស្សនិស្សិតក្រីក្រ មកពីខេត្ត មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួលផ្ទះបន្តការសិក្សានៅទីក្រុង ។ វត្តជាទីពំនាក់ អាស្រ័យ កុមារកំព្រា ចាស់ជរា សិស្សានុសិស្ស និងកូនចៅរបស់ប្រជារាស្ត្រក្រីក្រ។ វត្តជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ និងអរិយធម៌ ដោយឥតប្រកាន់និន្នាការនយោបាយ។ នៅគ្រប់សម័យកាល វត្តអារាមផ្តល់នូវការ អប់រំផ្នែកអក្សរសាស្ត្រ លេខនពន្ធ និងចំណេះដឹងផ្សេងៗចាំបាច់សម្រាប់ប្រើក្នុងជីវិត។ អ្នកនិពន្ធជនជាតិខ្មែរយើងឆ្នើមៗ និងសិល្បករល្បីៗពីជំនាន់បុរាណសុទ្ធតែបាន ទទួលការបណ្តុះបណ្តាលនៅក្នុងវត្ត។
វត្តអារាមជាកន្លែងបង្រៀនអប់រំកាយ វាចា ចិត្ត និងបណ្តុះបណ្តាល មហាជនទូទៅឲ្យកើតមានមេត្តា ករុណា ប្រាសចាកលោភៈ ទោសៈ មោហៈ ដើម្បីឲ្យ រួចចាកផុតពីសេចក្តីទុក្ខ។ ការបង្រៀនរបស់ព្រះសង្ឃតាមឱវាទព្រះពុទ្ធបានផ្តោត សំខាន់ទៅលើសង្គហធម៌ តួនាទីរវាងមាតាបិតា និងបុត្រធីតា រវាងគ្រូ និងសិស្ស រវាងស្វាមី និងភរិយា រវាងមិត្តនិងមិត្ត រវាងនិយោជក និងនិយោជិក រវាងអ្នកដឹកនាំ និងប្រជារាស្ត្រ រវាងភិក្ខុសង្ឃ និងឧបាសក ឧបាសិកា។
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សង្ឃឹមថា សមិទ្ធផលខាងលើនេះ នឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត ក៏ដូចជាបងប្អូនពុទ្ធបរិស័ទ ហើយក៏សូមប្រើប្រាស់សមិទ្ធផលនេះជាប្រយោជន៍រួម និង ចូលរួមថែរក្សាឱ្យគង់វង្សយូរអង្វែង៕


