ឯកឧត្តម សុខ សូកេន បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃសាលាបឋមសិក្សាសំរោង ស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែ


ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃសាលាបឋមសិក្សាសំរោង ស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅតាមមូលដ្ឋាន។ សមិទ្ធផលអគារសិក្សាថ្មីនេះ មិនត្រឹមតែជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងគុណភាពអប់រំ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។

ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក៏បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបាទី ព្រមទាំងបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយប្អូនៗសិស្សានុសិស្សផងដែរ។ សមិទ្ធផលមជ្ឈមណ្ឌលនេះ គឺជាផ្លែផ្កា និងជាស្នាដៃថ្មីមួយទៀតកើតចេញពីការខិតខំប្រឹងប្រែងជំរុញយ៉ាងសកម្មរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថលនៅមូលដ្ឋាន។