ខេត្តឧត្តរមានជ័យ មានបេក្ខជនប្រឡងបាក់ឌុបជាង ១៧០០នាក់


ដំណើរការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទូទាំងខេត្តឧត្តរមានជ័យ ដោយមានការរៀបចំយ៉ាងល្អិតល្អន់ និងប្រកបដោយស្តង់ដារបច្ចេកទេសខ្ពស់។ ក្នុងឆ្នាំនេះ បេក្ខជនសរុបចំនួន ១.៧៣១នាក់ ក្នុងនោះស្រី ៩៧៧នាក់ បានចូលរួមប្រឡង។

បរិយាកាសទូទៅនៅតាមមណ្ឌលប្រឡងនានាត្រូវបានចាត់ទុកថាមានភាពល្អប្រសើរ ១០០% ដោយមានការធានាទាំងលើកត្តាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ។ មិនមានហេតុការណ៍អសន្តិសុខ ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ ដែលនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ ក្នុងការធានាភាពយុត្តិធម៌ តម្លាភាព និងគុណភាពនៃការប្រឡង។

សម្រាប់សម័យប្រឡងឆ្នាំ២០២៦នេះ ខេត្តឧត្តរមានជ័យ បានរៀបចំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ៣មណ្ឌល ក្នុង ២ទីតាំងសំខាន់ៗ គឺទីតាំងវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ និងវិទ្យាល័យតេជោសែនសំរោង។

ក្នុងនោះ វិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ មាន ២មណ្ឌល រួមមាន៖ មណ្ឌលវិទ្យាសាស្ត្រ (ខាងត្បូង) មាន ១២បន្ទប់ សម្រាប់បេក្ខជន ២៧៧នាក់ (ស្រី ១៤៥នាក់) និងមណ្ឌលវិទ្យាសាស្ត្រសង្គម (ខាងលិច) មាន ២៨បន្ទប់ សម្រាប់បេក្ខជន ៦៥៤នាក់។ ចំណែកឯវិទ្យាល័យតេជោសែនសំរោង មាន ១មណ្ឌល មាន ៣២បន្ទប់ សម្រាប់បេក្ខជន ៨០០នាក់។

នៅថ្ងៃចាប់ផ្តើមប្រឡងនេះដែរ គេក៏បានឃើញវត្តមានរបស់ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ រួមមានលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី រស់ សុផានី អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមកាត់វិញ្ញាសារនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន ដើម្បីជាសក្ខីភាព និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់៕