រដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
យោងតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកបណ្ឌិត សាយសំផន ភូមវិហាន បានទទួលមរណភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្នុង ជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។ លោកបណ្ឌិត ជាថ្នាក់ដឹកនាំឡាវមួយរូបដ៏ឆ្នើមដែលបានពូនជ្រំ និងលើក កម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អជាប្រពៃណីនៃប្រទេសទាំងពីរឡាវ-កម្ពុជា ទាំងក្របខ័ណ្ឌបក្ស រដ្ឋ និង ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ស្របតាមស្មារតី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែងរវាងកម្ពុជា និងឡាវ»។
ក្រោយទទួលដំណឹងដ៏រន្ធត់ និងក្រៀមក្រំបំផុត ពីមរណភាពរបស់លោកបណ្ឌិត សាយសំផន ភូមវិហាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានផ្ញើសាររំលែកទុក្ខដ៏ ក្រៀមក្រំជូនលោកស្រី វិផាវិញ ភូមវិហាន (Viphavanh Phomvihane) ភរិយាលោកបណ្ឌិត សាយសំផន ភូមវិហាន និងក្រុមគ្រួសារ ព្រមទាំងជូនរដ្ឋសភាឡាវ ក៏ដូចជាប្រជាជនឡាវទាំងមូល ដោយបានចាត់ទុកថា មរណភាព របស់ឯកឧត្តមបណ្ឌិត ជាការបាត់បង់មិត្តដ៏ល្អរបស់ប្រទេស និងប្រជាជនកម្ពុជា។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៕


