តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីដាំដើមក្ងោកចំនួន ១,០០០ ដើម» អមសងខាងផ្លូវបេតុងមួយខ្សែប្រវែង ៥,០០០ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីបរិស្ថាន និងសោភ័ណភាព» ស្ថិតនៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា ការដាំដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកការពារបរិស្ថាន កាត់បន្ថយផលប៉ះពាល់ពីគ្រោះធម្មជាតិ ដូចជា ព្យុះ ទឹកជំនន់ និងការបាក់ស្រុតដី ព្រមទាំងផ្តល់នូវអនុផលព្រៃឈើសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ការរួមគ្នាដាំដើមឈើនៅតាមលំនៅដ្ឋាន តាមដងផ្លូវសាធារណៈ និងតាមរមណីយដ្ឋាននានាទូទាំងខេត្ត នឹងប្រែក្លាយខេត្តតាកែវឱ្យទៅជាតំបន់ទេសចរណ៍ដែលមានសោភ័ណភាពបៃតងស្រស់បំព្រង លម្អដោយផ្ការីកស្គុះស្គាយគ្រប់រដូវ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តកាន់តែច្រើនឡើងថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវ និងបំផុសស្មារតីដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់រោងចក្រ សហគ្រាស និងជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវចូលរួមដាំដើមឈើឱ្យបានគ្រប់ៗគ្នា និងជួយថែទាំកូនឈើ និងដើមផ្កាដែលបានដាំលម្អតាមដងផ្លូវនាពេលនេះឱ្យបានលូតលាស់ល្អ សំដៅធ្វើយ៉ាងណាឱ្យខេត្តតាកែវមានអនាម័យ បរិស្ថានល្អ និងមានសោភ័ណភាពកាន់តែស្រស់បំព្រងឡើងបន្ថែមទៀត៕


