អភិបាលខេត្តកណ្តាល ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវសហការគ្នាដើម្បីពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ការណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ នៅសាលាខេត្តកណ្តាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៨ និងដាក់ចេញទិសដៅសំខាន់ៗ ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន បានលើកឡើងថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការចាត់វិធានការច្បាប់ បានរួមចំណែកកាត់បន្ថយបទល្មើសនានា ខណៈការទប់ស្កាត់សកម្មភាពស្កែមអនឡាញ និងការចុះរុះរើសំណង់អនាធិបតេយ្យតាមដងផ្លូវសំខាន់ៗ ក៏បានជួយពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងកែលម្អសោភ័ណភាពទីប្រជុំជន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធដែលបានសហការគ្នាក្នុងការចុះវាស់វែង ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បានបញ្ចប់ទាំង ១៣ ក្រុង-ស្រុក ពិសេសការផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ត្រូវបានចាត់ទុកថាជាសមិទ្ធផលសំខាន់មួយរបស់ខេត្ត ដែលបានបញ្ចប់ជាមូលដ្ឋាន បន្ទាប់ពីពិធីប្រគល់ប័ណ្ណជូនប្រជាពលរដ្ឋ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅស្រុកខ្សាច់កណ្តាល។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវសហការគ្នាដើម្បីពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់ដៃប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងជួយសម្របសម្រួលនីតិវិធីបង់ពន្ធពាក់ព័ន្ធនឹងការចេញប័ណ្ណកម្មសិទ្ធិឱ្យបានឆាប់រហ័ស និងងាយស្រួលផងដែរ។

ពាក់ព័ន្ធនិងបញ្ហាជំងឺគ្រុនឈាម ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នា បន្តការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យមានការយល់ដឹងក្នុងការការពារខ្លួនជៀសផុតពីការឆ្លងជំងឺនេះ គ្រប់មន្ទីរពេទ្យមណ្ឌលសុខភាពទាំងអស់ ត្រូវត្រៀមលក្ខណៈទុកជាមុន ដោយមានត្រៀមរៀបចំគ្រែពេទ្យ អគារ ឬកន្លែងស្នាក់នៅរបស់អ្នកជំងឺ ជាពិសេសនោះគឺ ត្រូវត្រៀមរៀបចំផែនការឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះការព្យាបាល និងការទប់ស្កាត់ជំងឺគ្រុនឈាម សម្រាប់ឆ្នាំក្រោយៗទៀត៕