នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ ជំនួបធ្វើនៅធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ជាយន្តការជាតិអន្តរក្រសួង និងស្ថាប័ន ដែលមានសមាជិកថ្នាក់រដ្ឋលេខាធិការមកពីក្រសួងពាក់ព័ន្ធ។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី មានភារកិច្ចជួយរាជរដ្ឋាភិបាលក្នុងការសម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ច្បាប់ និងបទប្បញ្ញត្តិនានាដែលទាក់ទងនឹងការលើកកម្ពស់ឋានៈ តួនាទី និងសុខុមាលភាពរបស់ស្ត្រីកម្ពុជា។
ស្ថាប័ននេះក៏មានតួនាទីតាមដាន និងវាយតម្លៃការអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិនារី ដើម្បីផ្តល់អនុសាសន៍ជូនរាជរដ្ឋាភិបាល និងរៀបចំរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារី។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស, រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធានប្រតិបត្តិ។ បច្ចុប្បន្នលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី៕
























































