នៅព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ដើម្បីទទួលនូវព្រះរាជទ្រព្យ ចំនួន ១០០.០០០ ដុល្លារ (មួយរយពាន់ដុល្លារអាម៉េរិក) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្ដមដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលជាព្រះរាជទ្រព្យផ្ទាល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ដែលបានមកពីការសន្សែសន្សំអស់រយៈពេលជាង ៤០ឆ្នាំ កន្លងមក ដោយចាប់តាំងព្រះអង្គបានបំពេញព្រះរាជតួនាទី ដ៏ថ្លៃថ្លាជាគ្រូបង្ហាត់សិល្បៈ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូនៅសាធារណរដ្ឋបារាំង និងអំឡុងពេល ព្រះអង្គគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជ្យសម្បត្តិជា ព្រះមហាក្សត្រ រហូតដល់បច្ចុប្បន្ន៕








