ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស សមាជិកគណៈអចិន្ត្រៃយ៍យុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី គណបក្សស្រុក ឃុំ ភូមិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានប្រចាំការគណបក្សប្រជាជនខេត្តកណ្តាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងមន្រ្តីគណបក្សស្រុកជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់សមិទ្ធិផលសំខាន់ៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ និងបានបញ្ចប់គម្រោងផ្លូវថ្នល់សំខាន់ៗជាច្រើន។ ទន្ទឹមនឹងនេះ គម្រោងព្រែកជីកហ្វូណនតេជោ ក៏កំពុងដំណើរការសាងសង់ ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូនតាមផ្លូវទឹក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ក្រៅពីនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតដូចជា កំពង់ផែ ទីលានទុកដាក់សំរាម និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រួមទាំងការដោះស្រាយបញ្ហាបន្ទប់ទឹកនៅតាមសាលារៀន ក៏ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ដើម្បីបន្តពង្រឹងសាមគ្គីភាពជាតិ ប្រយុទ្ធប្រឆាំងការបំពានអធិបតេយ្យភាព និងខិតខំកសាងសមាជិកបក្សទាំងគុណភាព និងបរិមាណ។ គណបក្សត្រូវបន្តស្តាប់ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ព្រមទាំងផ្សារភ្ជាប់ជាមួយពួកគាត់ក្នុងនាមជាអ្នកបម្រើស្មោះត្រង់ មិនមែនជាចៅហ្វាយនាយឡើយ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ ត្រូវរៀបចំផែនការការងារច្បាស់លាស់ តាមដានវាយតម្លៃជាប្រចាំ និងពង្រឹងការងារឃោសនាផ្សព្វផ្សាយសមិទ្ធផលបក្ស។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ អាជ្ញាធរជំរុញឱ្យប្រជាពលរដ្ឋពិនិត្យ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងកែលម្អសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ អនុសាសន៍ទាំងនេះមានគោលដៅប្រែក្លាយលទ្ធផលការងារទៅជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ សម្រាប់បន្តបេសកកម្មថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។


