សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង


នាព្រឹកថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

មានប្រសាសន៍នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ ការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់ ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីក្រុមការងារ និងថ្នាក់ដឹកនាំ មន្ត្រីគណបក្ស គ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកសំឡូត ដែលបានប្តេជ្ញាចិត្តរួមគ្នានាំមកនូវជោគជ័យជូនគណបក្សក្នុងការបោះឆ្នោតជាបន្តបន្ទាប់នា ពេលកន្លងមក ទាំងការបោះឆ្នោតជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ សម្តេច បានថ្លែងនូវការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក និងឃុំនានា អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងស្រុកសំឡូត ដែលបានសហការគ្នាអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ចូលរួមថែរក្សា ពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ និងខិតខំជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ ព្រមទាំងខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីឆ្លើយតបនូវសំណូមពរ និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

សម្ដេច ក៏បានគូសបញ្ជាក់អំពីការវិវត្តប្រែប្រួលនៃសភាពការណ៍ អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ប្រទេសជាតិរបស់យើង ព្រមទាំងគោល ការណ៍ណែនាំរបស់គណបក្សយើង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៦ ឆ្នាំ២០២៧ ដើម្បីយើងធ្វើការប្តេជ្ញាចិត្តរួមគ្នាបន្តដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការ បោះឆ្នោតដ៏មានសារៈសំខាន់នេះ។

សម្ដេចមានប្រសាសន៍បន្តថា ក្នុងពេលដែលប្រទេសថៃធ្វើសកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជាយើង ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់ថ្នាក់ ក៏បាន បំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋាន ក្នុងស្រុកសំឡូត ចូលរួមពង្រឹងសាមគ្គីភាពជាតិក្នុងស្មារតី «ខ្មែរតែមួយ» ជុំវិញរាជរដ្ឋាភិបាល រួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយ បានចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់វីរយុទ្ធជន ព្រមទាំងគ្រួសារយុទ្ធជននៅសមរភូមិមុខ ជនភៀសសឹក និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃ ដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងនូវឆន្ទៈ ស្មារតីសាមគ្គី និងការប្តេជ្ញា ចិត្តដ៏មុតមាំរបស់ប្រជាជនកម្ពុជារួបរួមគ្នាការពារទឹកដី និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ជាតិ។

សម្ដេច មានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា តែងតែ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកំណត់ និងរៀបចំនូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ ស្របតាមអាណត្តិ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពង្រឹងស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៦ ស្របតាមអាណត្តិ៥ឆ្នាំ ដែលកំណត់ក្នុងច្បាប់។

ក្នុងនាម ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ នឹងបន្តពង្រឹងឆន្ទៈការប្តេជ្ញាចិត្តរួមគ្នាដើម្បីដណ្តើម ជោគជ័យសម្រាប់គណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នេះ៕