ឯកឧត្តម វ៉ី សំណាង ណែនាំសមាជិកបក្សថ្នាក់មូលដ្ឋានឱ្យយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងក្លាថែមទៀត


តាកែវ៖ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការ គណបក្សខេត្តតាកែវ បានធ្វើការណែនាំ និងក្រើនរំលឹកដល់មន្រ្តីគណបក្សថ្នាក់មូលដ្ឋានទាំងអស់ ឱ្យបន្តកិច្ច ខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុនក្នុងការបម្រេីប្រជាពលរដ្ឋនៅមូលដ្ឋាននិងធ្វើយ៉ាងណាឱ្យមានភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋនិងមន្ត្រីគណបក្សរបស់យើង។ នៅក្នុងឱកាសអញ្ជើញចូលរួមលើកស្លាកគណបក្ស និងជួបសំណេះសំណាលជាមួយសមាជិកគណបក្សឃុំទាំង១៥ ក្នុងស្រុកបាទី នៅសាលប្រជុំគណបក្សស្រុកបាទី នាព្រឹកថ្ងៃសៅរិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ប្រទេសជាតិមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ គឺដោយសារការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ រយៈពេលជាង៤០ឆ្នាំ កម្ពុជាបានប្រែប្រួលហួសពីការស្មាន ពោលកម្ពុជាបានប្រែក្លាយពីប្រទេសដែលមានសង្រ្គាម បង្ហូរឈាមគ្នាទៅជាប្រទេស ដែលមានសុខសន្តិភាព ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ។ ការប្រែប្រួល ទាំងអស់នេះនិងមិនបានកើតមានឡើងនោះទេ បើសិនគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមប្រធានគណបក្សខេត្តតាកែវ បានមានប្រសាសន៍បន្តទៀតថា ដោយសារតែប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅកាន់តែមានជីវភាពធូធារ ទើបបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោត គាំទ្រដល់គណបក្សប្រជាជនកម្ពុជាគាំទ្រភ្លូកទឹកភ្លូកដីពីមួយអាណត្តិទៅមួយអាណត្តិ។ ដូច្នេះដើម្បីតបស្នងសងគុណដល់ម្ចាស់ឆ្នោត គប្បីសមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែង បម្រេីប្រជាពលរដ្ឋនៅ មូលដ្ឋានរបស់ខ្លួនអោយអស់ពីសមត្ថភាព តាមរយៈការបម្រេីសេវាជូនពួកគាត់អោយបានទាន់ពេលវេលា ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសត្រូវជួយដោះស្រាយរាល់ទុក្ខលំបាកនិងសេចក្ដីត្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕