ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យរុស្ស៉ី


(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី មូលនិធិចក្ខុខ្មែរ និងផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០នាក់ មកពីស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ នៅមន្ទីរពេទ្យរុស្ស៉ី។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានបញ្ហាជំងឺភ្នែកចំនួន ២៧០នាក់ មកពីស្រុក សណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុក សន្ទុក ក្នុងខេត្តកំពង់ធំ មកពិនិត្យ និងវះកាត់ភ្នែក (ជំងឺភ្នែកឡើងបាយ និងដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលនេះជាការលើកកម្ពស់បញ្ហាសុខភាពសាធារណៈ កាត់បន្ថយអត្រាពិការភាព និងការស្លាប់ ព្រមទាំងធានាឱ្យប្រជាពលរដ្ឋមានរាងកាយរឹងមាំ និងគុណភាពជីវិតល្អប្រសើរ។

ក្នុងការចុះសាកសួរសុខទុក្ខនេះ, លោកជំទាវបណ្ឌិត ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការ លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះដូចជា ស្រ្តី កុមារ វ័យជជំទង់ មនុស្សចាស់ជរា និងជនមានពិការភាព និងការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន ក្នុងការលើក កម្ពស់សេវាបង្ការព្យាបាល និងថែទាំសុខភាព ដែលឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ។

ជាក់ស្តែងការពិនិត្យ និងព្យាបាលជំងឺភ្នែកនៅពេលនេះ បានកើតឡើងក្រោមកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងធនាគារ ជាតិនៃកម្ពុជា, ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី និងមូលនិធិចក្ខុខ្មែរ ដែល កម្មពិធីមនុស្សធម៌នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តាមរយៈ នៃកិច្ចសហប្រតិបត្តិការនេះ ប្រជាពលរដ្ឋបានផលប្រយោជន៍រួមមាន៖ ការពិនិត្យជំងឺទូទៅ និងការពិនិត្យសុខភាពភ្នែកពីក្រុមគ្រូពេទ្យ ឯកទេសជំនាញ, ការវះកាត់ជំងឺភ្នែកឡើងបាយ និងជំងឺដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ, ការផ្តល់ថ្នាំសង្កូវ ការប្រឹក្សាយោបល់ និងការ ថែទាំក្រោយពេលវះកាត់, និងផ្តល់ជូនកន្លែងស្នាក់នៅហូបចុកគ្រប់យ៉ាង។

វត្តមាននៃបេសកកម្មមនុស្សធម៌ គឺជាចំណែកដ៏សំខាន់ ក្នុង ការជួយសម្រាលបន្ទុកសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ព្រមទាំងជួយឱ្យពួកគាត់អាចមានលទ្ធភាពមើលឃើញ ច្បាស់ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនគុណភាពជីវិតកាន់តែប្រសើរឡើងវិញ៕