វិមាន ៧មករា៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងការបរទេស គណៈកម្មាធិការកណ្ដាល បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាព ១៥រូប មុនពេលចេញដំណើរទៅចូលរួម «វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង កម្ពុជា-វៀតណាម-ឡាវ» ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ ដោយបានលើកឡើងអំពីការផ្លាស់ប្ដូរបទពិសោធន៍ ការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំវ័យក្មេង ព្រមទាំងរំលេចអំពីស្មារតីមិត្តភាពជាប្រពៃណីកម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជូនពរគណៈប្រតិភូធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសម្រេចបាននូវលទ្ធផលជោគជ័យ ដោយនាំមកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗប្រកបដោយផ្លែផ្កា រួមទាំងការកសាងមិត្តភាពយូរអង្វែងរវាងសិក្ខាកាមនៃប្រទេសទាំង៣។
សូមបញ្ជាក់ជូនផងដែរថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង កម្ពុជា-វៀតណាម-ឡាវ បានផ្តួចផ្តើមឡើង តាមស្មារតីនៃជំនួបកំពូលដោយផ្ទាល់រវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងហាណូយ។


