នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះសំណេះសំណាល និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សាអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការសប្បាយ ដែលបានជួបជុំផ្ទាល់ជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមគ្រូពេទ្យ។
យោងតាមរបាយការណ៍ គិតមកទល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋសរុប ៣៣៤លើក ដែលមានអ្នកជំងឺទទួលសេវាព្យាបាលជាង ១,៣លាននាក់។ សកម្មភាពមនុស្សធម៌នេះ គឺដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្រៅពីការផ្តល់សេវាសុខភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានផ្តល់ការសាងសង់ផ្លូវបេតុង១ខ្សែ ប្រវែង ១.៤៥៦ម៉ែត្រ ជូនប្រជាពលរដ្ឋឃុំសំបូរ តាមការសំណូមពរផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានបង្កើតក្រុមការងារចម្រុះមួយ ដើម្បីជួយពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូលឱ្យបានឆាប់រហ័សបំផុត។
ឯកឧត្តមបានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារព្រំដែន ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការទូត និងច្បាប់អន្តរជាតិ ដើម្បីប្រែក្លាយតំបន់ព្រំដែនមានជម្លោះ ទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍជារៀងរហូត៕










































