គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពការគាំទ្រប្រជាកសិករ នៅសហគមន៍កសិកម្មជីរោទ៍រុងរឿង ខេត្តត្បូងឃ្មុំ


ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អុីហ្គ័រ ឌ្រីសម៉ាន់(Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប(EU) ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពការគាំទ្រប្រជាកសិករ នៅសហគមន៍កសិកម្មជីរោទ៍រុងរឿង ខេត្តត្បូងឃ្មុំ។

ក្នុងដំណេីរចុះទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានចុះពិនិត្យវឌ្ឍនភាពការគ្រប់គ្រងគាំទ្រប្រជាកសិករ ព្រមទាំងជួបសំណេះសំណាលនិងស្តាប់នូវសំណេីសំណូមពររបស់ប្រជាកសិករ សំដៅបង្កេីនការគាំទ្រដល់សហគមន៍កសិកម្ម ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

គណៈប្រតិភូកម្ពុជា-សហភាពអឺរ៉ុប ក៏បានអញ្ជេីញធ្វេីជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលេីកិច្ចសន្យាផលិតកម្ម រវាងសហគមន៍កសិកម្មជីរោទ៍រុងរឿង និងសហគ្រាសកែច្នៃផងដែរ៕