មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការពង្រីកវិសាលភាព អនុវត្តគម្រោងមូលនិធិវិនិយោគ រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅដល់រដ្ឋបាលឃុំសង្កាត់ រួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន និងពង្រឹងសមត្ថភាពរដ្ឋបាលឃុំសង្កាត់


ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាប្រធានលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថា្នក់ក្រោមជាតិ បានលើកឡើងថា ក្នុងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីបន្តរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនផង និងពង្រឹងសមត្ថភាពរបស់រដ្ឋបាលឃុំ សង្កាត់ផង។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ក្នុងឱកាសជាតំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រង មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បើកសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួង ស្តីពី «ការរៀបចំគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលឃុំ សង្កាត់» នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។

ឯកឧត្តមថ្លែងថា មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាយន្តការមួយ សម្រាប់ផ្តល់ធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្ថែមលើប្រភពធនធានដែលមានស្រាប់តាម រយៈការប្រកួតប្រជែងសមិទ្ធកម្មប្រចាំឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនៃការអនុវត្តថវិកា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្របទៅតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៦នេះ រដ្ឋបាលក្រុង ស្រុកទាំង១៩៦ ទូទាំងប្រទេស បានចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលក្រុង ស្រុកចំនួន១១០ (ក្រុងចំនួន១៩ និងស្រុកចំនួន៩១) បានទទួលជ័យលាភីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ ដែលសរុបថវិកាវិភាជន៍ចំនួន ៥៤ ៤១២លានរៀល (ប្រមាណ១៣ លានដុល្លារអាម៉េរិក) ជាថវិការដ្ឋ និងថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានជ្រើសរើស រដ្ឋបាលក្រុង ស្រុក ខណ្ឌជ័យលាភីចំនួន ១១០ (ក្រុងចំនួន១៥ ស្រុកចំនួន៩១ និងខណ្ឌចំនួន៤) សរុបថវិកាចំនួន ៦៤ ៤២០ ៤២ ៥៩៣លានរៀល (ប្រមាណ១៦ លានដុល្លារអាម៉េរិក)។

លើសពីនេះទៅទៀត ការចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានផ្តល់ឲ្យរដ្ឋបាលក្រុង ស្រុកនូវសមិទ្ធផលសំខាន់ៗ ចំនួន២គឺ៖
ទី១៖ ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលក្រុង ស្រុក៖ កែលម្អការអនុវត្តថវិកា និងសេវាសាធារណៈ, ការរៀបចំទុកដាក់ឯកសារ, ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ។ល។
ទី២៖ ធនធានបន្ថែមសម្រាប់រ៉ាប់រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានផ្លូវប្រតុង (១២៨គ.ម), ផ្លូវគ្រួសក្រហម (១១១គ.ម), និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដូចជា ស្ពានខ្នាតតូច, ប្រឡាយទឹក ទំនប់បង្ហៀរទឹក, អាងស្តុកទឹក, បង្គោលភ្លើងសូឡា, សួនច្បារ ។ល។

ដោយផ្អែកលើការវាយតម្លៃពីកម្មវិបាក និងសារៈសំខាន់នៃការអនុវត្តគម្រោងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានសម្រេចនៅក្នុងកិច្ចប្រជុំលើកទី៥ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ក្នុងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅដល់រដ្ឋបាលឃុំ សង្កាត់បន្ថែមទៀត ដើម្បីបន្តរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនផង និងពង្រឹងសមត្ថភាពរបស់រដ្ឋបាលឃុំ សង្កាត់ផង។

ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ បានថ្លែងទៀតថា សេចក្តីព្រាង គោលការណ៍ណែនាំ ស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលឃុំ សង្កាត់ គឺជាសេចក្តីព្រាងបឋម ដែលលេខាធិការដ្ឋានបានតាក់ទេង ដោយផ្អែកទៅលើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង ស្រុក, លិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន, និងការចុះទៅធ្វើការដោយផ្ទាល់ជាមួយរដ្ឋបាលឃុំ សង្កាត់មួយចំនួនផងដែរ។ ដូច្នេះដើម្បីឱ្យសេចក្តីព្រាងបឋមនេះ មានភាពគ្រប់ជ្រុងជ្រោយ ទាមទារឲ្យមានធាតុចូល និងមតិយោបល់ បន្ថែមទៀតពីអង្គសិក្ខាសាលានៅថ្ងែនេះ។

រាជរដ្ឋាភិបាលនិយាយជារួម និងនិយាយដោយឡែក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែផ្តល់ការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនកញ្ចប់ថវិកាពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកសម្រាប់ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តអនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព។ អនុក្រឹត្យនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយទៀត សម្រាប់កៀរគរថវិកាបន្ថែមទៀត ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគឺរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២៧តទៅ។

តាមការគិតគូរបឋម អនុក្រឹត្យនេះនឹងកៀរគរថវិកានៅឆ្នាំ២០២៧ បានប្រមាណ ៨២ លានដុល្លារ ក្នុងនោះ១៥% សមមូលទៅនឹង ១២.៣លានដុល្លារ នឹងត្រូវវិភាជន៍សម្រាប់មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទំហំថវិកាបន្ថែមនេះ នឹងផ្តល់លទ្ធភាពឲ្យយើងអាចពង្រីកវិសាលភាព នៃការអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅដល់រដ្ឋបាលឃុំ សង្កាត់ផង និងបង្កើនធនធានសម្រាប់អនុវត្តនៅរដ្ឋបាលក្រុង-ស្រុកផង៕