(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហៅលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង នៅលើភ្នំគិរីរម្យ ជាសេដ្ឋីអត់ទ្រព្យ។ ហើយនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សម្តេចក៏បានហៅលោកមកជួបផ្ទាល់។ សម្តេចបវរធិបតី បញ្ជាសម្រេចមិនឱ្យរុះរើសាលាដូងរបស់សេដ្ឋីអត់ទ្រព្យ អ៊ុក វណ្ណដេ នោះឡើយ ព្រមទាំងជួយឧបត្ថម្ភសាលាប្រចាំខែទៀតផង។
ការថ្លែងបែបនេះរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចបានអញ្ជើញសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង ១ពាន់នាក់។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ម្សិលមិញខ្ញុំជួបជាមួយមហាសេដ្ឋីខ្សត់លុយ គាត់ឈ្មោះ អ៊ុក វណ្ណដេ ស្ថានិកសាលាដូងនៅលើភ្នំគិរីរម្យ ដែលមានបញ្ហា […] ប្អូនប្រុស អ៊ុក វណ្ណដេ ប៉ុន្មានថ្ងៃនេះមានចេញសារមួយថាគេបណ្តេញគាត់ចេញពីគិរីរម្យ បិទសាលា ១៤ថ្ងៃ អីឡូវនេះប្រហែលជាដឹង ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរលោក អ៊ុក វណ្ណដេ ដែលប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពស្មោះត្រង់ មានឆន្ទៈជួយមនុស្ស ហើយបានពុះពារដើម្បីជួយក្មេងៗ។ អ៊ុក វណ្ណដេ គ្មានថវិកាច្រើនទេ ពោលផ្តើមចេញជិត១០ឆ្នាំមុន ប្អូន អ៊ុក វណ្ណដេ បានធ្វើដំណើរទៅភ្នំគិរីរម្យ ដោយមើលឃើញក្មេងៗមួយចំនួនសុំទាន តាមរយៈសម្លឹងឃើញស្ថានភាពបែបនេះ អ៊ុក វណ្ណដេ ចង់ឱ្យក្មេងជាង១០០នាក់ កំពុងរស់នៅភ្នំគិរីរម្យ ទទួលបានការអប់រំបន្ថែម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គ្រានោះ ប្អូន អ៊ុក វណ្ណដេ បានចាប់ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យ ដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹង និងបំណិនដល់ក្មួយៗជាង១៥០នាក់ នៅក្នុងភូមិ។
«អ្វីដែលខ្ញុំនិយាយ ម្នាក់នេះអត់មានលុយទេ មានតែចិត្ត ហើយមានការតស៊ូ ទាំងអស់នេះ គឺចេញមកពីទ្រព្យមហាសាល គឺទ្រព្យចិត្ត និងសកម្មភាព ដែលគាត់ចែកទៅឱ្យកូនចៅប្រជាពលរដ្ឋ នៅលើភ្នំគិរីរម្យ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារតែទឹកចិត្ត និងឆន្ទៈ ទ្រព្យខ្លួនឯង ទើបលើកតម្លៃខ្លួនឯងបាន ហើយមានសប្បុរសជនជឿទុកចិត្តលើប្អូន អ៊ុក វណ្ណដេ ទើបសប្បុរសជននានាចូលរួមជួយសកម្មភាពរបស់ អ៊ុក វណ្ណដេ។ ចំណុចនេះជាផលដែលកើតចេញពីភាពស្មោះត្រង់ សីលធម៌ គុណធម៌ ឥរិយាបថដែលប្អូន អ៊ុក វណ្ណដេ មានពុះពពារជួយដល់មនុស្សជុំវិញខ្លួន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សូមកុំគិតថា សីលធម៌ និងគុណធម៌ មិនអាចហូបបានឱ្យសោះ ហើយបបើយើងគិតតែជ្រុងនៃទ្រព្យសម្បត្តិ គិតតែជ្រុងនៃភាពហ៉ឺហារ គឺគ្មានអ្វីនោះទេ ប៉ុន្តែ បើមានឥរិយាបថល្អ គុណភាព សីលធម៌ និងភាពស្មោះត្រង់នឹងទទួលបានការគោរព ការស្រឡាញ់ពីមនុស្សជុំវិញខ្លួន។ ដូច្នេះ ការអប់រំ ការបណ្តុះបណ្តាលគុណធម៌ សីលធម៌ ត្រូវការភាពស្មោះត្រង់ នៅពេលដែលបាត់បង់អ្វីក៏ដោយ តែមិនមានការអស់ចិត្តនោះទេ ប៉ុន្តែ នៅពេលបាត់បង់សីលធម៌ គុណធម៌ បាត់បង់ការទទួលខុសត្រូវ គឺយើងមានអ្វីទាំងអស់ ប៉ុន្តែ គ្មានអ្វីទាំងអស់ ពោលយើងនឹងបាត់បង់មនុស្សដែលយើងស្រឡាញ់ទាំងអស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងមានទាំងទ្រព្យ យើងមានទាំងការគោរព និងមានទាំងការស្រឡាញ់ គឺលេខ១ បង្កើតសមិទ្ធផល ជាគុណប្រយោជន៍សម្រាប់ខ្លួនយើង សម្រាប់អ្នកដទៃ វាមិនមែនចាប់ផ្តើមទាល់តែយើងមានថវិកាច្រើននោះទេ ប៉ុន្តែ ផ្តើមចេញពីតម្លៃនៃភាពស្មោះត្រង់ ទើបមានសប្បុរសជនចូលរួមគាំទ្រសកម្មភាពបម្រើផលប្រយោជន៍សាធារណជន។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រឿងសាលាដូង មិនពាក់ព័ន្ធឧកញ៉ា ជឹង សុភាព នោះទេ ហើយសម្តេចសម្រេចមិនឱ្យរុះរើនោះឡើយ។ ខណៈទីតាំងសាលាដូងនេះ ត្រូវបានប្អូន អ៊ុក វណ្ណដេ បានខ្ចីពីក្រសួងបរិស្ថាន កាលពីឆ្នាំ២០១៧ ហើយទីតាំងសាលាដូងនេះ ជាដីរបស់រដ្ឋ។ សម្តេចក៏ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស៕
















































