សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌សន្ទនា ជាវប្បធម៌ដែលបក្សប្រជាជនកម្ពុជា ប្រកាន់យកតាំងពីដើមមក តែត្រូវមានភាពស្មោះត្រង់


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វប្បធម៌សន្ទនា ជាវប្បធម៌ដែលគណបក្សប្រជាជនកម្ពុជាប្រកាន់យកតាំងពីដើមមក តែការសន្ទនាត្រូវមានភាពស្មោះត្រង់។ បើតាមប្រសាសន៍សម្តេច សូមកុំប្រកាន់យកវប្បធម៌សន្ទនា នៅតែរាជធានីភ្នំពេញ លុះដល់ប្រទេសបារាំង ប្រកាន់វប្បធម៌ជេរប្រមាថ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិ ទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ។ សម្តេចមហាបវរធិបតី បានថ្លែងថា ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាពេលវេលាកម្ពុជាត្រូវការចាំបាច់ ហើយបានចាត់ទុកការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ជាស្មារតីរួបរួម និងរួមគ្នាជួយជាតិ។

បន្ថែមលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្ន​កប្រឆាំងជាច្រើនឆាតទៅជជែកជាមួយសម្តេច តែមិនឱ្យបញ្ចេញព្រោះខ្លាចគេជេរថាក្បត់ជាតិ ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គេសួរខ្ញុំ សម្តេចចំពោះអ្នកមាននិន្នាការគណបក្សផ្សេង តើសម្តេចព្រមសម្របសម្រួល ធ្វើការងារ អនុវត្តវប្បធម៌សន្ទនាទេ? ខ្ញុំថា ពូមើលណា គណបក្សប្រជាជនបង្រួបបង្រួមជាតិ មិនមែនដោយសារការបិទច្រកទេ គឺនយោបាយបង្រួបបង្រួមដោយសារវប្បធម៌សន្ទនា ប៉ុន្តែដើរទាល់តែមានការស្មោះត្រង់ ប្រកាន់គុណធម៌គោរពគ្នាទៅវិញទៅមក។ កុំចាប់ដៃគ្នានៅភ្នំពេញ ឡើងទៅដល់បារាំងជេរ»

សម្តេចធិបតី បានបន្តថា «ខ្ញុំប្រាប់ថា ការធ្វើការរួមគ្នា នយោបាយឈ្នះឈ្នះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ យើងធ្វើរួចទៅហើយ។ ថ្មីៗនេះ យើងទទួលប្អូនស្រី កឹម មនោវិទ្យា ដែលគាត់ត្រឡប់មកវិញធ្វើការ។ ខ្ញុំតែងតាំងគាត់ជាប្រេសិតពិសេស ដើម្បីធ្វើការងារខាងក្រៅ រឿងគាត់មានទំនាក់ទំនងច្រើន។ យើងមានជម្លោះព្រំដែនជាមួយអ្នកជិតខាង តើយើងប្រកាន់ទេ? បើគេធ្វើការដើម្បីជួយ តើយើងប្រកាន់ទេ? ឲ្យតែគាត់មកធ្វើការជាមួយយើង ដើម្បីបុព្វហេតុជាតិ ដោយភាពស្មោះត្រង់ យើងស្វាគមន៍ទាំងអស់»

គួរជម្រាបថា វប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យ គឺជាវប្បធម៌សន្ទនាផ្តល់ប្រយោជន៍ជាតិ ជាធំជាងប្រយោជន៍បុគ្គល, បញ្ចៀសបានសង្គ្រាមពាក្យសម្តី និងទំនាស់ផ្សេងៗក្នុងសង្គម, ជាវេទិការជជែកដេញដោល និងពិភាក្សាឈរលើគោលការណ៍ស្មើភាពគ្នា, ជាគំរូល្អក្នុងសង្គមជាតិប្រកបដោយភាពជឿជាក់ពីសំណាក់រាស្រ្ត, មានទំនួលខុសត្រូវលើប្រយោជន៍ជាតិក្នុងសង្គមប្រជាធិបតេយ្យ, បញ្ចៀសរាល់អំពើហិង្សា និងសង្គ្រាម, ដោះស្រាយរាល់អំពើហិង្សា និងសន្តិវិធី, ផ្តល់នូវភាពស្មោះត្រង់ និងភាពជឿជាក់គ្នាទៅវិញទៅមក, បង្កើនសាមគ្គីភាព និងសហប្រតិបត្តិការប្រសើរជាងមុន, ពុំមានការគំរាមកំហែងគ្នាទៅវីញទៅមក ហើយគោរពគ្នាទៅវិញទៅមកក្នុងភាពថ្លៃថ្នូរ៕