រដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌​ ពង្រឹងការទទួលខុសត្រូវ ចៀសវាងប្រើប្រាស់រូបភាព ឬខ្លឹមសារដែលបន្ទាបបន្ថោកប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី


(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានផ្សព្វផ្សាយដំណឹងទាន់ហេតុការណ៍ពេលរាត្រី ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងការបំពេញតួនាទី ផ្សព្វផ្សាយព័ត៌មានជូនសាធារណជន និងអំពាវនាវឱ្យអ្នកសារព័ត៌មានចៀសវាងដាច់ខាតនូវការប្រើប្រាស់រូបភាព ឬខ្លឹមសារដែលបន្ទាបបន្ថោក ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ការណែនាំបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយជាមួយអង្គភាព សារព័ត៌មានផ្សព្វផ្សាយដំណឹង ទាន់ហេតុការណ៍នៅពេលរាត្រី ដែលមកពីប្រមាណ ៣៣អង្គភាព ក្នុងរាជធានីភ្នំពេញ ដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។​ ពិធីនេះធ្វើឡើងនៅសាលមណ្ឌល បណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានត្រូវមានការទទួលខុសត្រូវចំពោះរាល់ព័ត៌មានដែលខ្លួនផ្សព្វផ្សាយ ដោយត្រូវផ្តល់អាទិភាពដល់ភាពពិត ភាពត្រឹមត្រូវ និងប្រភពព័ត៌មានច្បាស់លាស់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយខ្លឹមសារដែលអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សីលធម៌សង្គម និងតម្លៃវប្បធម៌ខ្មែរ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការប្រុងប្រយ័ត្នក្នុងការផលិត និងចែករំលែកព័ត៌មាន ជាពិសេសព័ត៌មានទាន់ហេតុការណ៍ ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយខ្លឹមសារដែលមានប្រយោជន៍ដល់សង្គម លើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ដោយជៀសវាងការផ្សព្វផ្សាយខ្លឹមសារដែលបន្ទាបបន្ថោកស្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកបន្ថែមដល់អ្នកសារព័ត៌មាន​ ត្រូវគោរពតាមការណែនាំ ព័ត៌មានដែលប៉ះពាល់ដល់សង្គមជាតិ កុំផ្សព្វផ្សាយ ព័ត៌មានល្អ មានខ្លឹមសារអប់រំជួយដល់សង្គម ត្រូវរួមគ្នាជំរុញការផ្សព្វផ្សាយ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចោទជាសំណួរថា​ នៅពេលដែលអ្នកកាន់ក្បាលមេក្រូ សុំនឹកថា តើរាល់សំណួរទាំងឡាយដែលផុសចេញពីចិត្តអ្នកទាំងអស់គ្នា ថាតើគួរតែសួរទាំងអស់គ្រប់សំណួរទាំងអស់ ឬអត់?​​ តើរាល់ចម្លើយដែលបងប្អូន ទទួលបានពីអ្នកដែលផ្តល់បទសម្ភាសន៍ តើសុទ្ធនឹងអាចផ្សព្វផ្សាយដែរ ឬទេ?

ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្បាលមេក្រូ និងអត្ថបទព័ត៌មានរបស់អ្នកសារព័ត៌មាន គឺមានតម្លៃខ្លាំងណាស់ ដើម្បីសាបព្រួសារអប់រំល្អៗ ជូនដល់សារធាណជនឱ្យបានយល់ច្បាស់ពីបញ្ហាដែលកើតឡើង និងទង្វើផ្សេងៗទៀត ព្រមទាំងសកម្មភាពខុសច្បាប់ដែលសង្គមស្អប់ខ្ពើម និងអាចឈានទៅជាប់ទោសទណ្ឌប្រសិនបើជនណាប្រព្រឹត្តជាដើម។ ដូច្នេះ តួនាទីអ្នកសារព័ត៌មាន សំខាន់ខ្លាំងណាស់។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏សូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះបងប្អូនមួយចំនួនដែលបានខិតខំបំពេញការងារដោយវិជ្ជាជីវៈ និងចូលរួមជួយសង្គម។ ព្រមទាំងសូមអំពាវនាវដល់ម្ចាស់ផលិតផលដែលផ្សព្វផ្សាយពាណិជ្ជកម្ម សូមលើកទឹកចិត្តចំពោះអ្នកដែលផលិតខ្លឹមសារល្អ ជួយសង្គម រិះគន់ដើម្បីស្ថាបនា និងទប់ស្កាត់ការផលិតខ្លឹមសារដែលមិនមានន័យ និងខ្វះក្រមសីលធម៌ ខ្វះការពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ យើង​ទាំងអស់គ្នា​រួម​គ្នា​ដើម្បី​បង្កើនជំនឿទុកចិត្តលើអាជីពសារព័ត៌មាន៕