អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យកិច្ចអភិវឌ្ឍន៍ស្រុកភ្នំក្រវាញ ព្រមទាំងដាក់ទិសដៅការងារសំខាន់ៗលើសោភ័ណភាព សុវត្ថិភាពចរាចរណ៍ និងបរិស្ថានបៃតង


(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យដោយផ្ទាល់ លើវឌ្ឍនភាពនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្នុងស្រុកភ្នំក្រវាញ លើគម្រោង និងទីតាំងសំខាន់ៗចំនួនបី៖

*គម្រោងទី១៖ ចុះពិនិត្យផ្លូវបេតុងអាមេ ក្នុងភូមិពេជបាន ប្រវែង២៤០ម៉ែត្រ និងទទឹង៥ម៉ែត្រ ដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។

*ទីតាំងទី២៖ ពិនិត្យការរៀបចំសោភ័ណភាព បរិស្ថានសិក្សា និងបំនិនអប់រំ នៅក្នុងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ។

*ទីតាំងទី៣៖ ចុះពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ លើការរៀបចំសោភ័ណភាព នៅជុំវិញបរិវេណរង្វង់មូលក្រូចពោធិ៍សាត់ និងការងារបៃតងតាមដងផ្លូវ។

ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តម ខូយ រីដា បានគូសថា៖ «សមិទ្ធផលទាំងឡាយដែលយើងកំពុងទទួលបាន និងឃើញផ្ទាល់ ភ្នែកនាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ គឺកើតចេញពី «កត្តាសន្តិភាព» ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយើងមានឱកាសពេញលេញក្នុងការកសាង អភិវឌ្ឍស្រុកភ្នំក្រវាញ ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូល ឱ្យរីកចម្រើនជាបន្តបន្ទាប់បែបនេះ»

ដើម្បីធានាថា ការអភិវឌ្ឍក្នុងមូលដ្ឋានស្រុកភ្នំក្រវាញកាន់តែមានភាពទាក់ទាញ ស្រស់ស្អាត និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចូលរួមថែរក្សា សមិទ្ធផលផ្លូវបេតុងអាមេ ដែលបានសាងសង់រួចរាល់ជាស្ថាពរនេះទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរអង្វែង។ ចំពោះអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ ឯកឧត្តមអភិបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អ សោភ័ណភាពបរិវេណសិក្សា ទាំងក្នុង និងក្រៅ ព្រមទាំងជំរុញដល់លោកគ្រូ អ្នកគ្រូ ឱ្យបណ្តុះបំនិនអប់រំ ដល់សិស្សានុសិស្ស ជួយថែរក្សាសមិទ្ធផលទាំងនោះឱ្យបានគង់វង្ស។

ឯកឧត្តម ខូយ រីដា បានណែនាំអាជ្ញាធរ និងមន្ទីរជំនាញ ត្រូវសហការរៀបចំសោភ័ណភាពរង្វង់មូលក្រូចពោធិ៍សាត់ ដោយត្រូវបើកមុខងាយស្រួល និងធានាសុវត្ថិភាពទាំងអ្នករស់នៅមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់។

ជាមួយគ្នានោះ ឯកឧត្តមបានក្រើនរំលឹកឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចលនាបំផុសការដាំដុះដើមឈើបន្ថែមតាមដងផ្លូវ ព្រមទាំងយកចិត្តទុកដាក់ថែទាំ និងកាត់តម្រឹមមែកឈើឱ្យបានស្រស់ស្អាត ដើម្បីលើកកម្ពស់បរិស្ថានបៃតង និងសោភ័ណភាពទីប្រជុំជនស្រុកភ្នំក្រវាញ ឱ្យកាន់តែមានភាពទាក់ទាញ៕