ក្រសួងការងារ នឹងរៀបចំពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សហព័ន្ធនិយោជក និងសមាគម ពាណិជ្ជកម្មកម្ពុជា ក្រោមការគាំទ្រដោយកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (ដំណាក់កាលទី៣) មូលនិធិអភិវឌ្ឍន៍ជំនាញ និងធនាគារពិភពលោក នឹងរៀបចំ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ ធ្វើឡើងក្នុងគោលបំណង៖
– បង្កើតជាវេទិកាជំនួបដ៏ធំរវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និង ប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ
– បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ ដើម្បីជំរុញឱ្យអ្នកចូលរួម មើលឃើញខ្លួនឯងជាផ្នែកមួយ ដ៏សំខាន់នៃកម្លាំងពលកម្មដែលកំពុងជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈកិច្ចពិភាក្សាស្តីពី ការចែករំលែកបទពិសោធ ដោយវាគ្មិនជំនាញ
– បង្កើតជាវេទិកាតភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្តល់ការអប់រំ បណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស-និស្សិត និងក្រសួង ស្ថាប័នដែលបានចូលរួមពិព័រណ៍។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ការងារដ៏ធំជាងគេប្រចាំឆ្នាំ២០២៦នេះ នឹងមានសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្តល់ការ អប់រំបណ្តុះបណ្តាល អង្គការជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័ន ចំនួន ១៥០ ចូលរួមដាក់តាំងបង្ហាញសមិទ្ធផល និង មានតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៣៥ ០០០ កន្លែង ដោយមានការសម្ភាសជ្រើសរើសបុគ្គលិកដោយ ផ្ទាល់នៅហ្នឹងកន្លែង និងការដាក់ពាក្យរកការងារតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ careerfair.nea.gov.kh

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧” ឬលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣/០១៧ ៨៧១ ៨០៧៕