(ភ្នំពេញ)៖ ក្នុងរយៈពេល ៣៤ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៦ នៃអាណត្តិរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យុវជន និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគន្លឹះដ៏សំខាន់សម្រាប់ទទួលបានការងារសមរម្យ ប្រាក់ចំណូលប្រសើរ និងអនាគតកាន់តែច្បាស់លាស់។
សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការប្រែក្លាយអាទិភាព «មនុស្ស» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ទៅជាលទ្ធផលជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងចំណោមអ្នកទទួលការបណ្ដុះបណ្ដាលសរុបប្រមាណ ៤៩ម៉ឺននាក់ មានប្រមាណ ៤១ម៉ឺន ៥ពាន់នាក់ ទទួលការបណ្ដុះបណ្ដាលក្រោមក្រសួងការងារ និងប្រមាណ ៧,៧ម៉ឺននាក់ ទទួលការបណ្ដុះបណ្ដាលតាមរយៈគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
ក្នុងនោះ យុវជនជាង ២៧,៦ម៉ឺននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានទទួលការបណ្ដុះបណ្ដាលក្រោមកម្មវិធីជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនគោលដៅចំនួន ១,៥លាននាក់។
ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ថា៖ «លទ្ធផលនេះមិនមែនគ្រាន់តែជាតួលេខនៃអ្នកចូលរៀនប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ជំនាញពិតប្រាកដ ផ្តល់ឱកាសការងារ បង្កើនប្រាក់ចំណូល និងកសាងអនាគតថ្មីជូនយុវជន និងប្រជាពលរដ្ឋ ជាពិសេសអ្នកមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»។
អ្នកនាំពាក្យរូបនេះបន្តថា ជំនាញជាក់លាក់មួយប្រៀបដូចជាទ្រព្យសម្បត្តិជាប់ខ្លួន ដែលអាចជួយឱ្យយុវជនមានសមត្ថភាពចូលទីផ្សារការងារ ទទួលបានការងារសមរម្យ ឬអាចបង្កើតមុខរបរដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកតែលើសញ្ញាបត្រទូទៅ។
តាមរយៈការបណ្ដុះបណ្ដាល TVET សិស្ស និងយុវជនមិនត្រឹមតែរៀនទ្រឹស្តីក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការអនុវត្តជាក់ស្តែងនៅតាមរោងជាង មន្ទីរពិសោធន៍ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល សហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ការផ្សារភ្ជាប់រវាងការសិក្សា និងតម្រូវការជាក់ស្តែងរបស់និយោជក ជួយឱ្យអ្នកសិក្សាមានជំនាញដែលអាចយកទៅប្រើប្រាស់បានភ្លាមៗ។
ដើម្បីធានាគុណភាព និងភាពឆ្លើយតបនឹងទីផ្សារការងារ ក្រសួងបានរៀបចំស្តង់ដាបណ្ដុះបណ្ដាលចំនួន ២៥៦គុណវុឌ្ឍិ គ្របដណ្ដប់លើ ១១៦មុខជំនាញ ព្រមទាំងកញ្ចប់សិក្សាផ្អែកលើសមត្ថភាពចំនួន ៣៩៩ម៉ូឌុល ស្មើនឹង ២ ៦២០មេរៀន។
ទន្ទឹមនឹងនេះ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន បានកើនដល់ចំនួន ២៦៣គ្រឹះស្ថាន ខណៈគ្រូបច្ចេកទេសជាង ៣ ៦០០នាក់ បានទទួលការបណ្ដុះបណ្ដាលបន្ថែម ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងការអនុវត្ត។
ភាពជាដៃគូជាមួយវិស័យឯកជនក៏ត្រូវបានពង្រីក ដើម្បីឱ្យការបណ្ដុះបណ្ដាលស្របតាមជំនាញដែលសហគ្រាសកំពុងត្រូវការ។ ក្នុងរយៈពេល៣៤ខែ កិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET ត្រូវបានពង្រឹងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាសរុប ១ ២៦០ និងដៃគូទំនាក់ទំនងសហការចំនួន ៦ ២១៨។
ឯកឧត្តម ស៊ុន មេសា បានថ្លែងថា៖ «រាជរដ្ឋាភិបាលចង់ឱ្យយុវជនគ្រប់រូប ជាពិសេសយុវជនក្រីក្រ អាចឈានចេញពីស្ថានភាពងាយរងហានិភ័យតាមរយៈជំនាញ ការងារ និងប្រាក់ចំណូល។ ពេលយុវជនម្នាក់មានជំនាញ គាត់មិនត្រឹមតែអាចផ្លាស់ប្តូរជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអាចជួយគ្រួសារ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិទាំងមូល»។
ឯកឧត្តមក៏បានអំពាវនាវដល់យុវជនឱ្យចាប់យកឱកាសសិក្សាជំនាញ TVET និងស្នើដល់មាតាបិតា អាណាព្យាបាល ឱ្យលើកទឹកចិត្តកូនចៅជ្រើសរើសជំនាញដែលស្របនឹងចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារ។
ការជ្រើសរើសរៀនជំនាញ គឺជាការជ្រើសរើសអនាគត។ ជំនាញជាក់លាក់មួយអាចនាំទៅរកការងារសមរម្យ ប្រាក់ចំណូលមានស្ថិរភាព និងជីវភាពកាន់តែប្រសើរ ព្រមទាំងរួមចំណែកកសាងកម្លាំងពលកម្មប្រកបដោយជំនាញ ផលិតភាព និងភាពប្រកួតប្រជែងសម្រាប់សេដ្ឋកិច្ចកម្ពុជា៕









