ឯកឧត្តម វ៉ី សំណាង ណែនាំមន្ត្រីគណបក្សស្រុកត្រាំកក់ ចុះជាប់មូលដ្ឋាន និងជួយធ្វើការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ


តាកែវ៖ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មា ធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានណែនាំដល់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុកត្រាំកក់ ត្រូវបន្តចុះជាប់ជាមួយប្រជាពលរដ្ឋដល់មូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ តម្រូវការ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងដោយស្មោះត្រង់។

មានប្រសាសន៍ ក្នុងឱកាសដែល ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណា លជាមួយមន្ត្រីគណបក្សនៅមូលដ្ឋានមកពីទាំង១៥ ឃុំ ក្នុងស្រុកត្រាំកក់ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
មានការចូលរួមពី ឯកឧត្តមអនុប្រធានគណបក្សខេត្ត, សមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណបក្សខេត្ត, ប្រធានស្តីទីគណៈកម្មាធិការគណបក្សស្រុក, អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណបក្សស្រុក, ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ ព្រមទាំងមន្ត្រី និងសមាជិកគណបក្សនៅមូលដ្ឋានជាច្រើននាក់ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងលើកកម្ពស់ប្រសិទ្ធភាពការងារគណបក្ស។
នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួន ដើម្បីពង្រឹងការងារគណបក្សនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ត្រូវពង្រឹងសមត្ថភាពក្រុមការងារគ្រប់ថ្នាក់ ធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកឱ្យបានច្បាស់លាស់ និងបែងចែកភារកិច្ច ជូនមន្ត្រីទទួលខុសត្រូវឱ្យចំជំនាញ។ យកចិត្តទុកដាក់លើការកសាង និងបណ្តុះបណ្តាលសមាជិកគណបក្សជំនាន់ថ្មី ដើម្បីបន្តវេនដឹកនាំការងារប្រកបដោយថាមពល និងរក្សាវិន័យគណបក្សឱ្យបានម៉ឹងម៉ាត់ ប្រកាន់ខ្ជាប់នូវលក្ខន្តិកៈ និងរួមសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ។
ជាការឆ្លើយតប តំណាងមន្ត្រីគណបក្សទាំង១៥ឃុំ ក្នុងស្រុកត្រាំកក់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ ដោយខិតខំពង្រឹងការងារចលនាមហាជន រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មក្នុងការងារកសាង និងពង្រឹងគណបក្សនៅមូលដ្ឋានឱ្យកាន់តែរឹងមាំទ្វេឡើង៕