នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែង នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នៅស្នាក់ការគណបក្សស្រុកព្រះស្តេច ខេត្តព្រៃវែង។
មានប្រសាសន៍នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ហ៊ី ប៉ាវី ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកព្រះស្ដេច និងសហការីក្នុងក្រុមការងារ ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទូទាំងស្រុកព្រះស្តេច ដែលបានប្តេជ្ញាចិត្តរួមគ្នានាំមកនូវជោគជ័យជូនគណបក្សក្នុងការ បោះឆ្នោតជាបន្តបន្ទាប់នាពេលកន្លងមក ទាំងការបោះឆ្នោតជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។
សម្ដេច ក៏បានគូសបញ្ជាក់អំពីការវិវត្តប្រែប្រួលនៃសភាពការណ៍ អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ប្រទេសជាតិរបស់យើង ព្រមទាំងគោល ការណ៍ណែនាំរបស់គណបក្សយើង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៦ ឆ្នាំ២០២៧ ដើម្បីយើងធ្វើការប្តេជ្ញាចិត្តរួមគ្នាបន្តដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការ បោះឆ្នោតដ៏មានសារៈសំខាន់នេះ។
ក្នុងឱកាសនោះ សម្តេច បានកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំនានា អាជ្ញាធរ មន្ត្រី និងកងកម្លាំង មានសមត្ថកិច្ច ទូទាំងស្រុកព្រះស្តេច ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធី នយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចូលរួមថែរក្សាពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវា សាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបសំណូមពរ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ។ ក្រុមការងារបានចូលរួមគាំទ្រសកម្មភាពនានាជាច្រើន ដើម្បីលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋ គាំទ្រអភិវឌ្ឍវិស័យអប់រំ កសិកម្ម សាសនា និងបានបរិច្ចាគ ធនធានផ្ទាល់ខ្លួន និងខិតខំកៀរគរធនធានពីសប្បុរសជននានា ដើម្បីកសាងសមិទ្ធផលសង្គម ជាច្រើននៅមូលដ្ឋាន។
សម្ដេចមានប្រសាសន៍បន្តថា ក្នុងពេលដែលប្រទេសថៃធ្វើសកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជាយើង ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់ថ្នាក់ ក៏បាន បំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋាន ក្នុងស្រុកព្រះស្តេច ចូលរួមពង្រឹងសាមគ្គីភាពជាតិក្នុងស្មារតី «ខ្មែរតែមួយ» ជុំវិញរាជរដ្ឋាភិបាល រួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយ បានចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់វីរយុទ្ធជន ព្រមទាំងគ្រួសារយុទ្ធជននៅសមរភូមិមុខ ជនភៀសសឹក និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃ ដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងនូវឆន្ទៈ ស្មារតីសាមគ្គី និងការប្តេជ្ញា ចិត្តដ៏មុតមាំរបស់ប្រជាជនកម្ពុជារួបរួមគ្នាការពារទឹកដី និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ជាតិ។
សម្ដេច មានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា តែងតែ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកំណត់ និងរៀបចំនូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ ស្របតាមអាណត្តិ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពង្រឹងស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៦ ស្របតាមអាណត្តិ៥ឆ្នាំ ដែលកំណត់ក្នុងច្បាប់។
ក្នុងនាម ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ នឹងបន្តពង្រឹងឆន្ទៈការប្តេជ្ញាចិត្តរួមគ្នាដើម្បីដណ្តើម ជោគជ័យសម្រាប់គណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នេះ៕


