នាព្រឹកថ្ងៃ២៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានពន្ធនាគារខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការកោតសសេីរ និងអរគុណចំពោះកងកម្លាំង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានសហការរៀបសន្តិសុខសណ្តាប់ធ្លាប់បានល្អជូនដល់ដំណេីការក្នុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នាពេលកន្លងទៅនេះ។
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១. បន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តឱ្យបានល្អជូនប្រជាពលរដ្ឋ។
២.ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនេីងឲ្យបានម៉ឺងម៉ាត់ដោយមិនត្រូវលេីកលែងឡេីង។
៣.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
៤.ក្នុងរដូវវស្សានេះមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្កបង្កេីនផលស្រូវរបស់ប្រជាពលរដ្ឋ ជាពិសេសត្រៀមលក្ខណៈអន្តរាគមន៍អោយបានទាន់ពេលវេលាចំពោះគ្រោះធម្មជាតិដែលអាចកេីតឡេីងជាយថាហេតុ។
៥.មន្ទីរជំនាញត្រូវពន្លឿនការផ្តល់សេវានានា ឲ្យបានល្អជូនដល់ប្រជាពលរដ្ឋ ក្នុងនោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដោះស្រាយបញ្ហាសំណើរសំណូមពរ និងបញ្ហាផ្សេង ៗឲ្យល្អទាន់ពេលវេលា។
៦.បន្តទប់ស្កាត់ការរំលោភបំពានលើដីចំណីផ្លូវ ព្រែក ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធរបស់រដ្ឋ។
៧.អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ។
៨.សមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមផ្សព្វផ្សាយទៅដល់មន្ត្រីរាជការ ប្រជាពលរដ្ឋអំពីការបង់ពន្ធមធ្យោបាយឱ្យបានទាន់ពេលវេលា និងតាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ។
៩.រដ្ឋបាលក្រុង ស្រុក ទាំង៨ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ពិនិត្យលេីការកែលម្អរសោភ័ណ្ឌភាពអនាម័យបរិស្ថានក្រុងស្រុករបស់ខ្លួនជាពិសេសនៅទីតាំងសួនច្បារសាធារណៈដែលមានស្រាប់៕









































