វិចារណកថា! ថ្ងៃនេះ ខ្ញុំជ្រើសរើសក្លាយជាអ្នកថែរក្សាការពារធម្មជាតិ


(ភ្នំពេញ)៖ «អ្នកថែរក្សា ការពារ មិនមែនជាមនុស្សដែលស្ថិតនៅខ្ពស់ជាងធម្មជាតិនោះទេ ប៉ុន្តែជាមនុស្សដែលឈរនៅក្បែរជីវិតដោយការយកចិត្តទុកដាក់»។ អស់ ២៨វិចារណកថាមកនេះ យើងបានធ្វើដំណើរកម្សាន្តជាមួយគ្នា។

យើងបានចាប់ផ្តើមចេញពីខាងក្នុងបេះដូង ដែលជាទីកន្លែងដែលភាពលោភលន់ ភាពមិនដឹងភាពព្រងើយកន្តើយ (អវិជ្ជា) ភាពអាត្មានិយម ការបាត់បង់សេចក្តីមេត្តាករុណា និងភាពមិនខ្វល់ខ្វាយ អាចក្លាយជាគ្រាប់ពូជនៃគ្រោះថ្នាក់ធម្មជាតិ។

យើងបានរៀនមើលឃើញធម្មជាតិជាគ្រូបង្រៀន ជាអំណោយ និងជាសហគមន៍នៃជីវិត។ យើងបានរកឃើញផែនដីនៅក្នុងដង្ហើម ទឹក អាហារ និងសុខភាពរបស់យើង។ ជាចុងក្រោយ យើងបានប្រែក្លាយការយល់ដឹងឱ្យទៅជាទំនួលខុសត្រូវ។
ថ្ងៃនេះ ដំណើរមួយនេះទាមទារឱ្យមានការជ្រើសរើស។

អ្នកថែរក្សាធម្មជាតិ មិនមែនជាមនុស្សដែលល្អឥតខ្ចោះនោះទេ។ អ្នកថែរក្សានៅតែអាចភ្លេច ធ្វើខុស និងត្រូវការជំនួយ។ អ្វីដែលធ្វើឱ្យពួកគេប្លែកពីគេ គឺសេចក្តីស្ម័គ្រចិត្តក្នុងការកត់សម្គាល់ រៀនសូត្រ កែប្រែ និងបន្តធ្វើទៅមុខទៀត។ ពួកគេមិនមែនការពារធម្មជាតិ ដើម្បីឱ្យមានអារម្មណ៍ថា ខ្លួនអស្ចារ្យជាងគេនោះឡើយ។ ពួកគេបម្រើកិច្ចការនេះ ដោយសារតែជីវិតមានទំនាក់ទំនងតភ្ជាប់គ្នា។

អ្នកថែរក្សាក៏ធ្វើការប្រកបដោយចំណេះដឹង និងប្រាជ្ញាញាណ។ បំណងល្អមានន័យថា ត្រូវចេះគោរពដល់គ្រប់ជីវិតអោយរស់នៅដោយសុវត្ថិភាព វិទ្យាសាស្ត្រ ចំណេះដឹងក្នុងស្រុក តម្រូវការរបស់មនុស្ស និងការថែទាំរយៈពេលវែង។ ជួនកាល សកម្មភាពដែលឆ្លាតវៃបំផុត គឺការចុះធ្វើសកម្មភាពដោយផ្ទាល់។ ជួនកាល វាជាការសុំការអនុញ្ញាត ការស្វែងរកជំនួយពីអ្នកជំនាញ ឬការស្ដាប់។

តួនាទីនេះ មិនមានការកំណត់អាយុអប្បបរមានោះទេ។ សិស្សម្នាក់អាចការពារទឹកបាន តាមរយៈការកាត់បន្ថយការខ្ជះខ្ជាយ ការពារខ្យល់ តាមរយៈការជៀសវាងការដុតកាកសំណល់ដែលបង្កគ្រោះថ្នាក់ ការពារដី តាមរយៈការគោរពប្រតិបត្តិចំពោះអាហារ ការពារភាវរស់ តាមរយៈការការពារជម្រក និងការពារសេចក្តីសង្ឃឹម តាមរយៈការនិយាយស្តីក្នុងន័យវិជ្ជមាន។

តួនាទីនេះ មិនទាមទារឱ្យមានឯកសណ្ឋានពិសេសនោះទេ។ វាបង្ហាញឡើងនៅក្នុងខណៈពេលធម្មតាៗ៖ របស់របរដែលអ្នកបដិសេធមិនយក រ៉ូប៊ីណេទឹកដែលអ្នកបិទ ដើមឈើដែលអ្នកថែទាំ សំណួរដែលអ្នកសួរ មនុស្សដែលអ្នកលើកទឹកចិត្ត និងទីសាធារណៈរួម ដែលអ្នកចូលរួមធ្វើឱ្យមានភាពល្អប្រសើរជាងមុន។

អ្នកនឹងមិនបានឃើញរាល់លទ្ធផលទាំងអស់នោះទេ។ កុមារម្នាក់នាពេលអនាគត អាចនឹងអង្គុយក្រោមម្លប់ដើមឈើដែលអ្នកបានជួយការពារ។ សត្វមួយក្បាលអាចនឹងឆ្លងកាត់ដោយសុវត្ថិភាព តាមទីកន្លែងដែលអ្នកមិនដែលបានទៅដល់។ មិត្តរួមថ្នាក់ម្នាក់អាចនឹងចងចាំគំរូរបស់អ្នកក្នុងរយៈពេលច្រើនឆ្នាំក្រោយ។ សកម្មភាពល្អៗ តែងតែបន្តធ្វើដំណើរទៅមុខ ហួសពីការដឹងឮរបស់យើង។

សៀវភៅភាគទី១ ត្រូវបានបញ្ចប់ ប៉ុន្តែស្មារតីជាអ្នកថែរក្សាទើបតែចាប់ផ្តើមប៉ុណ្ណោះ។ ភាគបន្ទាប់ នឹងធ្វើឱ្យចំណេះដឹងអំពីប្រព័ន្ធធម្មជាតិរបស់យើង កាន់តែស៊ីជម្រៅ។ ចំណេះដឹងជាផ្នែកមួយសំខាន់ផងដែរក្នុងការបណ្ដុះសេចក្តីមេត្តាករុណា ហើយការអនុវត្តនឹងប្រែក្លាយទំនួលខុសត្រូវឱ្យទៅជាចរិតលក្ខណៈរបស់យើង។

សូមដកដង្ហើមវែងៗយឺតៗមួយៗ រួចចងចាំថា៖ អ្នកជាផ្នែកមួយនៃផែនដីដែលមានជីវិតនេះ។ អ្នកបានទទួលអំណោយពីផែនដីនេះតាំងពីខណៈដំបូងនៃជីវិតរបស់អ្នកមកម៉្លេះ។ ថ្ងៃនេះ អ្នកឆ្លើយតបវិញជាមួយនឹងពាក្យសន្យាមួយ មិនមែនជាពាក្យសន្យាថានឹងសង្គ្រោះអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងនោះទេ ប៉ុន្តែជាការថែរក្សាដោយស្មោះត្រង់ រៀនសូត្រជាប្រចាំ និងជួយអ្នកដទៃឱ្យជឿជាក់ថា ការផ្លាស់ប្តូរគឺអាចកើតឡើងបាន។

ដំណើរបានចាប់ផ្តើមហើយ។ សូមបោះជំហានទៅមុខដោយ បេះដូងបៃតង។ ត្រឡប់មកកាន់ការប្តេជ្ញាចិត្តនេះវិញ រាល់ពេលដែលអ្នកមានអារម្មណ៍មិនប្រាកដប្រជា។

ស្មារតីជាអ្នកថែរក្សា មិនមែនជាខណៈពេលវីរភាពតែមួយដងនោះទេ វាគឺជាទិសដៅដែលត្រូវបានធ្វើឱ្យថ្មីឡើងវិញ តាមរយៈជម្រើសប្រចាំថ្ងៃ។ ថ្ងៃថ្មីនីមួយៗ ផ្តល់ឱកាសមួយទៀតក្នុងការដើរទៅកាន់ទិសដៅនោះ ដោយប្រាជ្ញា មិត្តភាព និងភាពរីករាយ។

ទស្សនៈតាមបែបព្រះពុទ្ធសាសនា មនោសញ្ចេតនាបែបពោធិសត្វ បង្ហាញពីបំណងប្រថ្នាប្រកបដោយសេចក្តីក្លាហាន ក្នុងការដាំដុះប្រាជ្ញា និងសេចក្តីមេត្តាករុណា ដើម្បីជាប្រយោជន៍ដល់សត្វលោកទាំងឡាយ។ មិនថាប្រវត្តិរបស់យើងយ៉ាងណានោះទេ យើងអាចចែករំលែកស្មារតីនេះបាន៖ បន្តរៀនសូត្រ កាត់បន្ថយទុក្ខវេទនា និងផ្ដល់ឱ្យដោយមិនស្វែងរកការសរសើរ។

ការពិចារណាសម្រាប់ថ្ងៃនេះ តើខ្ញុំត្រៀមខ្លួនរួចរាល់ ក្នុងការក្លាយជាអ្នកថែរក្សាធម្មជាតិបែបណា?

សកម្មភាពសម្រាប់ថ្ងៃនេះសរសេរលើការតាំងចិត្តជាក់លាក់មួយសម្រាប់រយៈពេល ៣០ថ្ងៃខាងមុខ។ ចែករំលែកវាជាមួយនរណាម្នាក់ដែល អាចលើកទឹកចិត្តអ្នកបាន។

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ ថ្ងៃនេះ ខ្ញុំជ្រើសរើសក្លាយជាអ្នកថែរក្សាផែនដីដែលមានជីវិត ដោយសេចក្តីរីករាយ ប្រាជ្ញា និងសេចក្តីមេត្តាករុណា។ «នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់រួមទាំងខ្លួនយើងផងដែរ»៕