នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំ ៧មករា នៃវិមាន៧មករា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាល ជាមួយមន្ត្រី បុគ្គលិក ដែលជាសមាជិក សមាជិកាគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរផែនការ និងមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ ចំនួនសរុប២០០នាក់ ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលជាទីបំផុត ។
ចាប់ផ្តើមដោយការសាកសួរសុខទុក្ខ និងថ្លែងសរសើរ វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងលទ្ធផលល្អប្រសើរនៃការបំពេញភារកិច្ច ការងារទាំងផ្នែកការងារជំនាញ ទាំងផ្នែកការងារគណបក្សរបស់មន្ត្រី បុគ្គលិក ដែលជាសមាជិកា សមាជិកគណបក្សនៃអង្គភាពមន្ទីរទាំង៤ សម្តេចភក្តី ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំកំពូលរបស់បក្ស និងរដ្ឋ ជូនចំពោះសមាជិក សមាជិកានៃអង្គពិធី និងក្រុមគ្រួសារ ព្រមទាំងក្រុមគ្រួសានៃមន្ត្រី បុគ្គលិក កម្មករទាំងអស់ដែលមិនបានមកចូលរួមពិធីនាថ្ងៃនេះផងដែរ។
សម្តេចប្រធានក្រុមការងារ បានជំរាបជូនអង្គពិធី អំពីរាល់សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលគណបក្សដឹកនាំសម្រេចបាន ដោយចាប់ពីបាតដៃទទេរហូតមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន ។
សម្តេច សំដែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន និងឆាប់រហ័ស នៅក្នុងគ្រប់មូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភំ្នពេញ ដែលបានរួមចំណែកយ៉ាងប្រត្យក្ស ដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល…។ ការអភិវឌ្ឍរីកចម្រើន និងសមិទ្ធផលនានា ដែលយើងមាននាបច្ចុប្បន្នគឺធំធេង និងមហាសាល តែក៏មិនមានន័យថាគ្រប់គ្រាន់ហើយនោះទេ ដូច្នេះយើងត្រូវតែបន្តខិតខំតទៅទៀត សម្រាប់ជាមរតកដល់កូនចៅយើងតទៅមុខទៀត ។
សម្តេច រំលឹកពីមហាសោកនាដកម្ម វិនាសកម្ម និងផលវិបាកនៃ«សង្គ្រាម» ជាពិសេសសេចក្តីទុក្ខ និងការលំបាកវេទនារបស់ប្រជាជន ក្នុងអំឡុងរបបប្រល័យពូជសាសន៍ប៉ុលពត … និងនារយៈពេលកន្លងទៅថ្មីៗនេះ មហាវិនាសកម្ម នៃសង្គ្រាមឈ្លានពានទឹកដី ដែលពួកចោរសៀម បាននិងកំពុងប្រព្រឹត្តយ៉ាងគឃ្លើន រំលោភបំពានមកលើដែនអធិបតេយ្យជាតិកម្ពុជាយើង បំផ្លិចបំផ្លាញបិតិកភណ្ឌដែលជាសម្បត្តិវប្បធម៌ជាតិ និងពិភពលោក មានប្រាសាទបុរាណ វត្តអារ៉ាម រួមទាំងសាលារៀន ភូមិដ្ឋាន ស្រែចំការ ផ្ទះសម្បែង និងឆក់ប្លន់ទ្រព្យសម្បត្តិប្រជាជន និងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មួយចំនួនជាប់ព្រំដែន មិនអាចវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ខ្លួនបាន ហើយបង្កឱ្យមានប្រជាជនភៀសសឹកយ៉ាងច្រើន ទទួលរងទុក្ខលំបាកវេទនាធ្ងន់ធ្ងរ ដែលយើងទាំងអស់គ្នាត្រូវតែចងចាំ ហើយត្រូវប្រែក្លាយកំហឹងឈឺចាប់នេះ មកជាកម្លាំងមហាសាមគ្គីជាតិជុំវិញរាជរដ្ឋាភិបាលដើម្បីការពារ ដែនអធិបតេយ្យជាតិ បូរណភាពទឹកដី និងទប់ស្កាត់យ៉ាងដាច់ខាត កុំឱ្យមានកើតឡើងវិញ នូវសង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិសារជាថ្មីឡើងវិញជារៀងរហូត ។
ក្នុងឱកាសនេះដែរ សម្តេចក៏បានរំលឹក ពីមេរៀន បទពិសោធន៍ និងពីមូលហេតុ ដែលនាំឱ្យគណបក្សយើងតែងតែដណ្តើមបានជ័យជំនះជានិច្ចក្នុងគ្រប់តំណាក់កាលនៃការប្រកួតប្រជែងបោះឆ្នោតគ្រប់ថ្នាក់ និងក្នុងការអនុវត្តន៍កម្មវិធីនយោបាយរបស់គណបក្សកន្លងមក គឺ :
– គណបក្ស មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូល ជាបិតាសន្តិភាព ជារដ្ឋបុរស និងជាអគ្គមគ្គុទេសឆ្នើមរបស់ប្រទេសជាតិ ។
– គណបក្ស មានកម្មវិធីនយោបាយត្រឹមត្រូវស្របតាមសភាពការណ៍ជាក់ស្តែងនៃតំណាក់កាលនីមួយៗរបស់ប្រទេសជាតិ និងមានគោលនយោបាយចម្រុះច្រើនវិស័យទៀត សម្រាប់គាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់បក្សឱ្យទទួលបានជោគជ័យ…។
– បរិមាណសមាជិកគណបក្សមានចំនួនច្រើនលើសលប់ និងប្រកបដោយគុណភាព ។
– មានជួរមន្ត្រីដែលមានសមត្ថភាព គុណភាព និងសម្បូរណ៍ដោយបទពិសោធន៍ការងារ ។
– មានប្រជាជន មហាជន គ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុងប្រទេស ទាំងក្រៅប្រទេសស្រឡាញ់ និងគាំទ្រគណបក្ស ។
– និងមានការគាំទ្រ ពីសហគមន៍អន្តរជាតិ ចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់កម្ពុជាយើង ។
មុនបញ្ចប់ការសំណេះសំណាល សម្តេចប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ ឱ្យយកចិត្តទុកដាក់ និងប្រឹងប្រែងសម្រេចការងារមួយចំនួន :
១- ចំពោះសភាពការណ៍បច្ចុប្បន្ន សូមបង្កើនស្មារតី«សាមគ្គីជាតិ»ឱ្យកាន់តែរឹងមាំ និងជឿជាក់លើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន និងការការពារដែនអធិបតេយ្យជាតិពីការរំលោភឈ្លានពានរបស់ពួកចោរសៀម ។
២- គណៈកម្មាធិការគណបក្សមូលដ្ឋាន និងអង្គការចាត់តាំងគណបក្សក្នុងមន្ទីរទាំង៤ សូមបន្តយកចិត្តទុកដាក់ជំរុញការអនុវត្តន៍«ផែនការចាត់តាំងអនុវត្តសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧»របស់គណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការគណបក្សរាជធានីភ្នំពេញ ឱ្យបានសម្រេចជោគជ័យ តាមរយៈ«ការរក្សាប្រៀបខ្លាំង និងបង្កើនប្រៀបឈ្នះ» ដោយផ្អែកលើបរិមាណ គុណភាព និងអំពើល្អរបស់សមាជិកគណបក្ស ដើម្បីឈ្នះឆ្នោត និងសម្រេចឱ្យបាននូវទិសស្លោក«សមាជិកម្នាក់ គឺជាសម្លេងគាំទ្រគណបក្សមួយសន្លឹក»៕



